ជំងឺរាតត្បាត Covid-19 រុញច្រានឱ្យប្រទេសសេដ្ឋកិច្ចធំៗក្នុងពិភពលោកធ្លាក់ចុះ លើកលែងតែប្រទេសចិន
សេដ្ឋកិច្ច August 13, 2020 Chan Sreyny

ជំងឺរាតត្បាត Covid-19 បានជម្រុញឱ្យសេដ្ឋកិច្ចធំៗរបស់ពិភពលោក ឈានដល់ការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក នៅក្នុងត្រីមាសទី២ លើកលែងតែប្រទេសចិនដែលបានរួចផុតពីវិបត្តិសេដ្ឋកិច្ច។

ដោយនេះគឺជាការផ្លាស់ប្តូរត្រីមាសទី២ នៃផលិតផលក្នុងស្រុកសរុប (GDP) បើប្រៀបធៀបទៅនឹងត្រីមាសមុនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ជាងគេនៅលើពិភពលោក។ លើកលែងតែមានការបញ្ជាក់ផ្សេងពីតួលេខចេញពីវិទ្យាស្ថានស្ថិតិជាតិ។ សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ ត្រូវបានរងផលប៉ះពាល់ដោយ Covid-19 តិចជាងប្រទេសជិតខាង ប៉ុន្តែនៅតែឃើញថាផលិតផលក្នុងស្រុកសរុប​ (GDP) ធ្លាក់ចុះ ១០.១% នៅក្នុងត្រីមាសទី២ ។ សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចពោលគឺ ២ ត្រីមាសជាប់គ្នានៃ GDP ។

សម្រាប់ប្រទេសបារាំង ដែលបានស្ថិតក្នុងការបិទទ្វារជាយូរ និងតឹងរ៉ឹងជាងប្រទេសជិតខាងរបស់ខ្លួនហើយ GDP នៅត្រីមាសទី២ បានធ្លាក់ចុះយ៉ាងខ្លាំងគឺ ១៣.៨% បន្ទាប់ពីការធ្លាក់ចុះ ៥.៩% នៅក្នុងរយៈពេល ៣ ខែមុន។ កាលពីមុនកំណើន GDP ប្រចាំត្រីមាសដែលអាក្រក់បំផុតនៅប្រទេសបារាំងបានកើតឡើងក្នុងឆ្នាំ ១៩៦៨ ដោយសារតែកូដកម្មជាទូទៅនៅខែឧសភា ក្នុងឆ្នាំនោះ។

ចំណែកឯប្រទេសអ៊ីតាលី កំណើនសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតនេះ ដែលបានវាយប្រហារទៅលើតំបន់ដែលមានជាងគេបំផុតរបស់ខ្លួនគឺ Lombardy ។ GDP របស់អ៊ីតាលីបានធ្លាក់ចុះ ៥.៤% នៅក្នុងត្រីមាសទី១ និង ១២.៤% នៅក្នុងត្រីមាសទី២ ដែលជម្រុញឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ចំណែកឯប្រទេសអេស្ប៉ាញវិញក៏មិនខុសពីប្រទេសអ៊ីតាលីប៉ុន្មានដែរ បន្ទាប់ពីការធ្លាក់ចុះ ៥.២% នៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចរបស់អេស្ប៉ាញបានធ្លាក់ចុះ ១៨.៥% បន្ថែមទៀតនៅក្នុងត្រីមាសទី២ ដោយសារតែការធ្លាក់ចុះ ៦០% នៃប្រាក់ចំណូលពីវិស័យទេសចរណ៍ និងធ្លាក់ចុះ ១/៣ នៃការនាំចេញ។

ចក្រភពអង់គ្លេសឯនេះវិញ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតនៅអឺរ៉ុបក្នុងរយៈពេល ២ ត្រីមាសដំបូងនៃឆ្នាំនេះហើយក៏ជាចំនួននៃការស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់បំផុតនៅអឺរ៉ុបផងដែរ។ GDP បានធ្លាក់ចុះ ២០.៤% នៅក្នុងត្រីមាសទី២ បន្ទាប់ពីការធ្លាក់ចុះ ២.២% នៅក្នុងត្រីមាសទី១ ។ សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោកបានធ្លាក់ចុះ ៩.៥% នៅក្នុងត្រីមាសទី២ បន្ទាប់ពីការធ្លាក់ចុះ ១.៣% នៅក្នុងត្រីមាសទី១ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយ OECD ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបោះពុម្ពផ្សាយតួលេខប្រចាំឆ្នាំ (-៣២.៩% នៅក្នុងត្រីមាសទី២ ) ដែលជាវិធីសាស្ត្រមួយដែលមិនអាចប្រៀបធៀបបានជាមួយប្រទេសដទៃទៀត។

ប្រទេសជប៉ុន ក៏បានប្រកាសកាលពីពាក់កណ្តាលខែឧសភា ថាខ្លួនកំពុងមានវិបត្តិសេដ្ឋកិច្ចរួចទៅហើយ នៅពេលដែល GDP ធ្លាក់ចុះ ០.៦% បន្ទាប់ពីធ្លាក់ចុះ ១.៩% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ ។ ដោយឡែកប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក និងជាកន្លែងដែលមានជំងឺរាតត្បាតនេះកើតឡើងមុនគេ បានចាត់វិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដែលអាចបញ្ឈប់ការរីករាលដាលនៃ Covid-19 និងការបើករោងចក្រឡើងវិញដើម្បីជៀសវាងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ នៅត្រីមាសទី២ សេដ្ឋកិច្ចរបស់ខ្លួនបានស្ទុះងើបឡើងវិញ ១១.៥% ដោយបានធ្លាក់ចុះ ១០% នៅក្នុងត្រីមាសទី១ ។ ទោះជាយ៉ាងណា កំណើនសម្រាប់ឆ្នាំនេះនឹងមានតិចជាងអ្វីដែលប្រទេសចិនធ្លាប់មានរាប់ទសវត្សមកហើយ៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost