លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវរួមគ្នា និងផលិតវ៉ាក់សាំង Covid-19 របស់រុស្ស៊ីបានឲ្យដឹងថា មូលនិធិនេះកំពុងធ្វើការលើកម្មវិធីជំនួយមនុស្សធម៌សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលបំណងផ្ដល់វ៉ាក់សាំងដល់ប្រជាជននៅក្នុងប្រទេសទាំងនោះ ដែលមិនមានលទ្ធភាពទិញដោយខ្លួនឯង។
ជាមួយគ្នានេះលោក Dmitriev បានពន្យល់ថា៖ « ការចាក់វ៉ាក់សាំង គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក ហើយមូលនិធិជឿជាក់ថា ប្រជាជននៅជុំវិញពិភពលោកគួរតែទទួលបានវ៉ាក់សាំងស្មើគ្នាដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ »។

លោកបានបន្ថែមថា រួមគ្នាជាមួយដៃគូបរទេសរបស់យើង យើងបានត្រៀមផលិតវ៉ាក់សាំងជាង ៥០០ លានដូសក្នុងមួយឆ្នាំ ហើយវ៉ាក់សាំងនេះគ្រោងនឹងចូលទៅក្នុងផលិតកម្មទ្រង់ទ្រាយធំនាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនឹងចែកចាយដល់សាធារណជនទូទៅចាប់ពីខែមករាឆ្នាំ២០២១។ ទន្ទឹមនឹងដែរទោះបី វ៉ាក់សាំងនេះត្រូវបានចុះបញ្ជីក៏ដោយ វ៉ាក់សាំងនេះនឹងនៅតែត្រូវឆ្លងកាត់ការសាកល្បងព្យាបាលបន្ថែមទៀតនៅប្រទេសរុស្ស៊ី និងមជ្ឈឹមបូព៌ា។

គួរឲ្យដឹងផងដែរថា វ៉ាក់សាំង «Sputnik V» គឺជាវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដំបូងបង្អស់នៅលើពិភពលោកដែលបានចុះក្នុងបញ្ជីចេញប្រើ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Puti កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ យោងតាមបណ្តាញសារព័ត៌មាន RT បានឲ្យដឹងថា ក្រោយការប្រកាសនេះ ប្រទេសរុស្ស៊ីបានទទួលការបញ្ជាទិញពីប្រទេសចំនួន ២០ មកពីសម្រាប់ការវ៉ាក់សាំងការពារ Covid-19 ចំនួន ១ ពាន់លានដូស៕



អត្ថបទ៖ លីនី
ប្រភព៖ chinadaily global247news


