វិស័យទេសចរណ៍វៀតណាមត្រូវដួលរលំម្ដងទៀត ខណៈងើបឡើងវិញមិនទាន់ស្រួលបួលនៅឡើយ
ទេសចរណ៍ August 13, 2020 Chan Sreyny

ខណៈក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានារបស់វៀតណាម បានបើកទេសចរណ៍ក្នុងស្រុកឡើងវិញមិនទាន់ស្រួលបួលផង ស្រាប់តែត្រូវបានដួលរលំម្តងទៀតដោយការត្រឡប់មកវិញរបស់ Covid-19 ជាមួយនឹងការកើនឡើងនៃការឆ្លង និងការស្លាប់។

លោក Nguyen Cong Hoan នាយករងក្រុមហ៊ុនទេសចរណ៍និយាយថា អតិថិជនជិត ១ ម៉ឺននាក់នៅ Hanoi Redtours បានលុបចោល ឬពន្យារពេលផែនការធ្វើដំណើររបស់ពួកគេ សម្រាប់រយៈពេលពេញ ១ ឆ្នាំបន្ទាប់ពីប្រទេសវៀតណាមបានចាប់ផ្តើមកត់ត្រាចំនួនកើនឡើងទ្វេដងក្នុង ១ ថ្ងៃនៃករណីឆ្លងជំងឺ Covid-19 នៅក្នុងខែសីហា។ លោកបន្តថា « រលកទី ២ នៃករណី Covid-19 គឺជាការប៉ះទង្គិចមួយផ្សេងទៀតចំពោះឧស្សាហកម្មទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានអសកម្មដែលភាគច្រើននៅឆមាសទី១ នៃឆ្នាំនេះ »។

ក្រុមហ៊ុន Hoan ក៏ដូចជាក្រុមហ៊ុនដទៃទៀតក្នុងឧស្សាហកម្មទេសចរណ៍ បានចាប់ផ្តើមទទួលបានចំណូលកើនឡើងចាប់ពីខែឧសភា ដល់ខែកក្កដា ដោយសារមានកំណើនតម្រូវការធ្វើដំណើរក្នុងស្រុក ខណៈពេលដែលប្រទេសវៀតណាមគ្មានករណីឆ្លង Covid-19 ក្នុងសហគមអស់រយៈពាលជាង ៣ ខែ ដោយអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍រំពឹងថា ខែសីហា ជាខែដ៏ល្អបំផុតនៅក្នុងឆ្នាំនេះ។ ប៉ុន្តែអ្វីៗទាំងអស់បានផ្លាស់ប្តូរ ដោយកាលពីចុងខែកក្កដា នៅពេលទីក្រុង Danang ដែលជាចំណុចសំខាន់នៃវិស័យទេសចរណ៍បានចាប់ផ្តើមកត់ត្រានូវចំនួនករណីកើនឡើង ដែលអាជ្ញាធរមិនអាចតាមដានប្រភពដើមរបស់ពួកគេបាន។

ចាប់តាំងពីពេលនោះមកវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៤០៥ ករណីនៅក្នុងទីក្រុង និងខេត្តចំនួន ១៥ រួមមាន៖ ទីក្រុង Hanoi និង HCMC ហើយមនុស្ស ១៧ នាក់បានស្លាប់។ លោក Hoan បានបន្ថែមថា ប្រាក់បញ្ញើជាច្រើនដែលក្រុមហ៊ុនបានដាក់ជាមួយក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារទំនងជានឹងត្រូវបាត់បង់។ គម្រោងវិនិយោគលើផលិតផលថ្មី និងការជ្រើសរើសបុគ្គលិកត្រូវបានផ្អាកហើយបុគ្គលិក ១៥% ត្រូវបានបាត់បង់ការងារ។ យើងរំពឹងថា ប្រាក់ចំណូលនឹងធ្លាក់ចុះ ៧០% ធៀបនឹងឆ្នាំមុន ហើយការខាតបង់ទំនងជាអាចកើតមានឡើងបន្តទៀត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនទេសចរណ៍ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុន Saigontourist មានអតិថិជន ៩៥% នៅក្នុងទីក្រុង Hanoi ដែលមានមនុស្ស ១៣,០០០ នាក់បានបោះបង់ចោលការធ្វើដំណើរក្នុងខែនេះ។ លោក Hoan បានបញ្ជាក់ថា នៅពេលដែលវៀតណាមមានការរីករាលដាលនៃជំងឺនេះម្តងទៀតនោះ សកម្មភាពទេសចរណ៍នឹងមិនមានឡើងវិញទេរហូតដល់ខែតុលា។

យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ប្រាក់ចំណូលរបស់ប្រទេសវៀតណាមពីវិស័យទេសចរណ៍ក្នុងរយៈពេល ៧ ខែដំបូងបានធ្លាក់ចុះ ៥៥.៤% ដែលគិតជាទឹកប្រាក់មានតម្លៃ ៤៧៩ លានដុល្លារ។ គួរឱ្យដឹងផងដែរថា រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានរាយការណ៍ថា ក្នុងរយៈពេល ៦ ខែដំបូងចំនួនភ្ញៀវទេសចរក្នុងស្រុកបានធ្លាក់ចុះជិត ៥០% ស្មើនឹង ២៣ លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vnexpress