ប្រទេសថៃសម្រេចអនុញ្ញាតឲ្យពាណិជ្ជករចិនចូលមកក្នុងប្រទេសរបស់ខ្លួន ដើម្បីនាំចេញផ្លែឈើ ដែលជាផ្នែកមួយជួយដល់កសិកររបស់ខ្លួន នេះបើយោងតាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរោគរាតត្បាត Covid-19 (CCSA) កាលពីដើមសប្ដាហ៍នេះ។ ក្រៅពីការអនុញ្ញាតឲ្យពាណិជ្ជករចិនចូល (CCSA) ក៏បានអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមព្រឹត្តការណ៍កីឡា ដើម្បីបានទស្សនាព្រឹត្តិការណ៍កីឡាធំៗ ទោះបីជាវិធានការណ៍នឹងតឹងតែងសម្រាប់ព្រឹត្តិការណ៍ដែលបានរៀបចំឡើងរបស់ថៃក៏ដោយ។
យោងតាម (CCSA) បានឲ្យដឹងថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពី ប្រទេសថៃមិនបានរាយការណ៍ពីករណីឆ្លងថ្មីនៅក្នុងសហគមន៍ជិត ៨០ថ្ងៃ ដែលត្រូវបានគេជឿជាក់ថា មានសុវត្ថិភាពសម្រាប់សម្រាប់អ្នកទស្សនាព្រឹត្តិការណ៍កីឡាធំៗ និងអ្នកជួញដូរបរទេស។ អ្នកនាំពាក្យបណ្ឌិត Taweesin Visanuyothin ក៏បាននិយាយថា (CCSA) ក៏បានយល់ព្រមអនុញ្ញាតឱ្យពាណិជ្ជករចិនវិលត្រឡប់មកប្រទេសថៃវិញ ដើម្បីទិញផ្លែឈើថៃសម្រាប់នាំចេញជួយកសិករថៃផងដែរ។

ទោះយ៉ាងណាអ្នកដំណើរចិន នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើតេស្តរកវីរុស Covid-19 យ៉ាងតឹងរឹង នៅពេលមកដល់ប្រទេសថៃ ហើយនឹងត្រូវឆ្លងកាត់ការដាក់ដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ដោយចំណាយប្រាក់ដោយខ្លួនឯង។ គួរបញ្ជាក់ផងដែរថា ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃទៅចិនដីគោកមានចំនួន ៧៣% នៃបរិមាណនាំចេញសរុបក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ ដោយទទួលបានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ស្មើនឹង ៧៣% នៃបរិមាណនាំចេញសរុបក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ផ្ទុយទៅវិញការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអាស៊ាន ក្នុងតម្លៃសរុបចំនួន ១៦៤ លានដុល្លារអាមេរិក ដែលស្មើនឹង ១២% នៃបរិមាណនាំចេញសរុបរបស់ខ្លួនក្នុងឆមាសទីមួយនេះឆ្នាំនេះដែរ នេះបើយោងតាមការបញ្ជាក់ពីអគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger


