ក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ចំនួនអ្នកបាត់បង់ការងារនៅកូរ៉េខាងត្បូងកើនឡើងច្រើនបំផុតដែលមិនធ្លាប់មាន
សេដ្ឋកិច្ច August 13, 2020 Chan Sreyny

ការងាររបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ដោយសារក្រុមហ៊ុនបានឱ្យនិយោជិករបស់ខ្លួនឈប់សម្រាកដោយមិនបានឱ្យប្រាក់ខែ ឬត្រូវបញ្ឈប់ពីការងារនៅពេលមានសេដ្ឋកិច្ចធ្លាក់ចុះ បន្ទាប់ពីមានការរីករាលដាលនៃ Covid-19 នេះបើយោងតាមទិន្នន័យការិយាល័យស្ថិតិរបស់កូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃទី ១២​ ខែសីហា។

យោងតាមស្ថិតិកូរ៉េបានឱ្យដឹងថា ចំនួនអ្នកធ្វើការសរុបមាន ២៧,១០៦,០០០ នាក់នៅក្នុងខែកក្កដា ពោលគឺធ្លាក់ចុះ ២៧៧,០០០ នាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការបាត់បង់ការងារប្រចាំខែមានចំនួន ១៩៥,០០០ នាក់ក្នុងខែមីនា ៤៧៦,០០០ នាក់ក្នុងខែមេសា ៣៩២,០០០ នាក់ក្នុងខែឧសភា និង ៣៥២,០០០ នាក់ក្នុងខែមិថុនា នៃឆ្នាំនេះ។ នេះគឺជាការកាត់បន្ថយការងារដ៏ច្រើនបំផុត ក្នុងរយៈពេលប្រហែល ១១ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោកបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក។

ដោយមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺរាតត្បាត ប្រជាជនកូរ៉េបានចៀសវាងពីសកម្មភាពខាងក្រៅដូចជា៖ ការដើរទិញឥវ៉ាន់ ការធ្វើដំណើរ និងការញ៉ាំអាហារខាងក្រៅដែលនាំឱ្យប៉ះពាល់ដល់ឧស្សាហកម្មសេវាកម្ម។ ចំនួនការងារនៅក្នុងវិស័យម្ហូបអាហារ និងផ្ទះសំណាក់បានធ្លាក់ចុះ ២២៥,០០០ នាក់ក្នុងខែកក្កដា ហើយការលក់ដុំ និងរាយធ្លាក់ចុះ ១២៧,០០០ នាក់ និងវិស័យសេវាកម្មអប់រំបានធ្លាក់ចុះ ៨៩,០០០ នាក់។

ទន្ទឹមនឹងនេះ ការងារនៅក្នុងវិស័យសុខាភិបាល និងសុខុមាលភាពសង្គមធ្លាក់ចុះ ១៦១,០០០ នាក់និងវិស័យដឹកជញ្ជូន និងឃ្លាំងធ្លាក់ចុះ ៥៨,០០០ នាក់កាលពីខែមុន។ ចំនួនអ្នកដែលឈប់សម្រាកពីការងារ ៦៨៥,០០០ នាក់ក្នុងខែកក្កដា កើនឡើង ៥៣.៧% បើធៀបនឹងឆ្នាំមុន។ គួរឱ្យដឹងផងដែរថា ចំនួនអ្នកអត់ការងារធ្វើមានចំនួន ១,១៣៨,០០០ នាក់នៅក្នុងខែកក្កដា ដោយនេះជាតួលេខខ្ពស់បំផុតចាប់តាំងពីទិន្នន័យពាក់ព័ន្ធបានចាប់ផ្តើមចងក្រងក្នុងឆ្នាំ ១៩៩៩ ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet