ឥណ្ឌូនេស៊ី កំពុងរៀបចំយុទ្ធសាស្រ្តថ្មី ដើម្បីជម្រុញសេដ្ឋកិច្ចដែលបានដាំដូងចុះ ក្នុងវិបត្តិកូវីដ-១៩
សេដ្ឋកិច្ច August 12, 2020 Chan Sreyny

យោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya Sumadi បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងសាងសង់ផ្លូវដែកប្រវែងជាង ១ ម៉ឺនគីឡូម៉ែត្ររហូតដល់ឆ្នាំ ២០៣០ ដើម្បីគាំទ្រដល់ការចល័ត និងការដឹកជញ្ជូនទំនិញរបស់ប្រជាជននៅក្នុងប្រទេស។

លោក Sumadi បានបន្ថែមថា ក្នុងចំណោមតំបន់ដែលមានការស្ថាបនាផ្លូវដែកប្រវែង ១០,៥២៤ គីឡូម៉ែត្រគឺមាននៅក្នុងកោះធំៗដូចជា៖ កោះ Sumatra និងកោះ Java ដែលមានប្រជាជនប្រមាណ ៨០% នៃប្រជាជនជាង ២៦០ លាននាក់របស់ប្រទេសនេះ។ ការស្ថាបនានេះ នឹងធ្វើឱ្យផ្លូវដែកដែលមានស្រាប់មានប្រវែងវែងជាងមុន ដែលមានប្រតិបត្តិការទូទាំងប្រទេសដូចជា៖ ផ្លូវដែកប្រវែង ១,៧៩៦ គីឡូម៉ែត្រនៅកោះ Sumatra ផ្លូវដែកប្រវែង ៤,១៣១ គីឡូម៉ែត្រនៅកោះ Java និងផ្លូវដែកប្រវែង ៤៥ គីឡូម៉ែត្រនៅកោះ Sulawesi ។

ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី បានខិតខំពន្លឿន និងបន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញដើម្បីកាត់បន្ថយអត្រាអតិផរណា និងជម្រុញការប្រកួតប្រជែងនៃផលិតផលនាំចេញ។ លោកប្រធានាធិបតី Joko Widodo ដែលបានផ្តោតការយកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីលោកឡើងកាន់អំណាចបានបញ្ជាឱ្យអាជ្ញាធរបើកផ្លូវសម្រាប់លំហូរទំនិញ និងសម្រួលការិយាធិបតេយ្យនៅក្នុងកំពង់ផែសមុទ្រ ដែលជាច្រកសំខាន់មួយសម្រាប់សកម្មភាពនាំចេញ និងនាំចូលនៅទូទាំងប្រទេស និងប្រជុំកោះដ៏ធំល្វឹងល្វើយ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet