វៀតណាមអាចនឹងមិនសម្រេចបំណងដែលប៉ងទុក ខណៈតម្លៃអង្ករឡើងថ្លៃ ៣% នៅលើទីផ្សារពិភពលោក ថ្លៃជាងអង្ករថៃដែលជាគូប្រកួតប្រជែង
សេដ្ឋកិច្ច August 12, 2020 Chan Sreyny

យោងតាមសារព័ត៌មានវៀតណាម Vnexpress បានចុះផ្សាយថា ក្នុងពេលបច្ចុប្បន្ននេះអង្ករវៀតណាម​មានតម្លៃថ្លៃជាងអង្ករថៃ មូលហេតុគឺដោយសារតែប្រាក់បាតថៃធ្លាក់ចុះ។ ការធ្លាក់ចុះនេះបានធ្វើឲ្យតម្លៃទីផ្សារ អង្ករវៀតណាមនៅលើពិភពលោកកើនឡើង ៣% បើធៀបនឹងអង្ករថៃ ដែលនេះអាចជាឱកាសដ៏ល្អមួយរបស់ប្រទេសថៃដើម្បីដណ្ដើមយកទីផ្សារមកវិញ។ ខណៈការនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំមុន ដោយសារតែការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងប្រាក់បាតឡើងថ្លៃ ដែលធ្វើឲ្យមានតម្លៃថ្លៃជាងដៃគូរប្រកួតប្រជែង។

ប្រភពដដែលបានឲ្យដឹងថា អង្ករកំណាត់ៗ (អង្ករដែលធ្លាក់គុណភាព ៥% ពីគុណភាពខ្ពស់) ត្រូវបានលក់ក្នុងតម្លៃ ៤៦៨ ទៅ ៤៧២ ដុល្លារក្នុងមួយតោន គិតចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ថ្លៃជាង​គូប្រជែងរបស់ខ្លួន (ប្រទេសថៃ) ចំនួន ១៥ ដុល្លារ។ ខណៈតម្លៃនៃអង្ករវៀតណាមបានកើនឡើង ៦.៨% ចាប់តាំងពីដើមខែនេះមកម្ល៉េះ។

គួរឲ្យដឹងផងដែរថា ប្រទេសវៀតណាមគឺជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ កាលពីឆ្នាំមុននៅពីក្រោយប្រទេសឥណ្ឌា និងថៃ ដោយក្នុងឆ្នាំនេះ វៀតណាមបានដាក់ចេញគោលដៅដើម្បីក្លាយជាប្រទេសធំជាងគេទី២។ ទន្ទឹមនឹងនេះក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ បាននាំចេញអង្ករក្នុងតម្លៃ ១.៩ ពាន់លានដុល្លារកើនឡើង ១០.៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រទេសហ្វីលីពីន គឺជាអ្នកទិញខ្ពស់ជាងគេ នេះបើយោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress