ទំនប់វារីអគ្គិសនីថ្មីមួយទៀត តម្លៃ ២៣១ លានដុល្លារ កំពុងសំងំសាងសង់ដោយក្រុមហ៊ុនកូរ៉េ ក្នុងខេត្តមួយរបស់ប្រទេសកម្ពុជា
សេដ្ឋកិច្ច August 12, 2020 Chan Sreyny

គម្រោងទំនប់វារីអគ្គិសនី ៨០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់បានចាប់ផ្ដើមសាងសង់ផ្នែកចាំបាច់នានា ដែលគ្រោងនឹងបង្កើតថាមពលសម្រាប់បណ្ដាញអគ្គិសនីនៅឆ្នាំ២០២៣ ហើយនឹងធ្វើឲ្យខេត្តមួយនេះក្លាយជា បណ្ដុំថាមពលនៅក្នុងប្រទេស នេះបើយោងតាការចុះផ្សាយរបស់ក្រសួងសាព័ត៌មាន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។

គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េ SPHP (Cambodia) Co., Ltd ដោយមានទុវិនិយោគចំនួន ២៣១ លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែឧសភា ឆ្នាំនេះ ដោយមានទីតាំងស្ថិតនៅលើដងទន្លេពោធិ៍សាត់ ក្នុងឃុំ ឲប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមប្រសាសន៍របស់ឯកឧត្តម Victor Jona អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពលប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AKP បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័នដូចជាផ្លូវទៅកាន់ទីតាំងនោះកំពុងត្រូវបានសាងសង់ និងផ្តល់សំណងដល់អ្នកភូមិដែលរងផលប៉ះពាល់ពីគម្រោងនេះ។ ឯកឧត្តមបានបន្តថា គម្រោងនេះនៅតែស្ថិតនៅលើផែនកាវិនិយោគ បើទោះបីជាប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ហើយថាមពលដែលបានមកទំនប់វារី​អគ្គិសនីនេះ នឹងត្រូវទិញដោយអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងទិញក្នុងតម្លៃ ០.០៧ ដុល្លារ (ប្រហែល​ជាង ២០០ រៀល) ក្នុងមួយគីឡូវាត់ម៉ោង។

សូមជម្រាបផងដែរថា នៅក្នុងខេត្តពោធិ៍សាត់មានគម្រោងថាមពលជាច្រើនរួមមាន ទំនប់វារីអគ្គិសនីស្ទឹងអាតៃ និងទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ដែលកំពុងសាងសង់ហើយមានឧទ្យានថាមពលពន្លឺព្រះអាទិត្យកំពុងសាងសង់ ៦០ មេហ្គាវ៉ាត់។ ថាមពលទាំងអស់ដែលបានមកពីប្រភពទាំងនេះ នឹងត្រូវតភ្ជាប់ទៅនឹងស្ថានីយនានាក្នុងខេត្ត ព្រោះខេត្តត្រូវបានគេចាត់ទុកថាជា បណ្ដុំផ្គត់ផ្គង់ថាមពលក្នុងប្រទេស។

ជាមួយគ្នានេះដែរ ទំនប់វារីអគ្គិសនីស្ទឹងអាតៃ ដែលមានកម្លាំង ១២០ មេហ្គាវ៉ាត់ ជាទំនប់ទីមួយនៅក្នុងខេត្ត ដែលវិនិយោគដោយក្រុមហ៊ុនវារីអគ្គិសនី Cambodia Hydropower Development Co., Ltd មានដើមទុនវិនិយោគចំនួន ៣៧០ លានដុល្លារអាមេរិកកំពុងបង្កើតថាមពលសម្រា់បណ្ដាញអគ្គិសនី។ ទន្ទឹមនឹងដែរ​ ការអភិវឌ្ឍឧទ្យានសូឡា ៦០ មេហ្គាវ៉ាត់ ក៏ត្រូវបានគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ ២០២០នេះដែរ។ ហើយការសាងសង់ទំនប់វារីអគ្គិសនីដែលមានកម្លាំង ៣០ មេហ្គាវ៉ាត់មួយទៀត គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២១ ទាំងគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់ និងគម្រោងថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ថ្មីត្រូវបានវិនិយោគដោយក្រុមហ៊ុន Schnei Tec៕

ប្រភព៖ ក្រសួងព័ត៌មាន