ខណៈការនាំចេញអង្ករធ្លាក់ចុះក្នុងកម្រិតទាបបំផុត ថៃកែសម្រួលយុទ្ធសាស្រ្តដើម្បីលើកកម្ពស់ការប្រកួតប្រជែងឡើងវិញ
សេដ្ឋកិច្ច August 12, 2020 Chan Sreyny

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បានសន្យាថា នឹងពន្លឿនការកែសម្រួលយុទ្ធសាស្រ្តស្រូវរបស់ប្រទេសថៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារឧស្សាហកម្មនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមាន៖ ប្រាក់បាតឡើងថ្លៃ និងថ្លៃដើមផលិតកម្មកើនឡើង។

យោងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទសថៃបានដកស្រង់សម្តីមន្ត្រីរូបនេះថា ការនាំចេញអង្ករបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំមុន ដោយសារតែការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងប្រាក់បាតឡើងថ្លៃធ្វើឱ្យអង្ករថៃមានតម្លៃថ្លៃជាងដៃគូរប្រកួតប្រជែង។ លោក Jurin បានបន្តថា ក្រសួងពាណិជ្ជកម្មរបស់ថៃកំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងដោយគ្របដណ្តប់លើប្រព័ន្ធទាំងអស់រួមមាន៖ ទីផ្សារ ការដាំដុះ និងការស្រាវជ្រាវរកពូជស្រូវថ្មីដោយលោកកត់សម្គាល់ថា ក្រសួងកំពុងធ្វើការរកវិធីកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់កសិករ ដើម្បីធ្វើឱ្យអង្ករថៃមានតម្លៃសមរម្យ។

លើសពីនេះទៅទៀតលោកបាននិយាយថា ក្រសួងកំពុងលើកកម្ពស់ផលិតផលស្រូវចំនួន ៧ និងការអភិវឌ្ឍគ្រាប់ពូជដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតកម្មទីផ្សារសម្រាប់ឆ្នាំ ២០២០-២៤ ។ ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកនាំចេញអង្ករថៃ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មថ្មីដើម្បីពង្រីកទីផ្សារនាំចេញ ខណៈអង្ករថៃនៅតែមានតម្រូវការខ្លាំងនៅទូទាំងពិភពលោកដោយសារគុណភាពរបស់ខ្លួន។ ក្រសួងក៏បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតពាណិជ្ជកម្មនៅតាមបណ្តាប្រទេសផ្សេងៗពន្លឿនស្វែងរកទីផ្សារថ្មី និងជម្រុញអង្ករថៃឱ្យឈានដល់អ្នកប្រើប្រាស់នៅទីផ្សារបរទេសបន្ថែមទៀត។

មន្ត្រីរូបនោះក៏បានបញ្ជាក់ទៀតថា ប្រាក់បាតខ្ពស់ និងជំងឺរាតត្បាត Covid-19 គឺជាឧបសគ្គចម្បងសម្រាប់ការនាំចេញអង្ករនៅឆ្នាំនេះ។ គួរឱ្យដឹងផងដែរថា សមាគមនាំចេញអង្ករថៃថ្មីៗនេះ បានទម្លាក់ការព្យាករណ៍ការនាំចេញរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ មកនៅត្រឹម ៦.៥ លានតោនដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus