ធ្លាប់តែមានស្ថេរភាពជាងគេតាំងពីផ្ទុះកូវីដមក ឥឡូវវៀតណាមកំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣៥ ឆ្នាំ
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

ក្រុមសេដ្ឋវិទូបានព្យាករណ៍ថា ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អាចនឹងធ្វើឱ្យប្រទេសវៀតណាមប្រឈមនឹងកំណើនសេដ្ឋកិច្ចទាបបំផុតរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំ។ បន្ទាប់ពីរយៈពេល ៩៩ថ្ងៃ ដោយគ្មានករណីថ្មីនៃការឆ្លងសហគមន៍ ការឆ្លងនៅក្នុងតំបន់ត្រូវបានរាយការណ៍នៅទីក្រុងដាណាងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក វីរុសបានរាលដាលពាសពេញផ្ទៃប្រទេស និងបណ្តាលឱ្យមនុស្សស្លាប់ ១៥ នាក់ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច។

យោងតាមអ្នកជំនាញជាច្រើន ការត្រឡប់មកវិញនៃវីរុសនឹងលុបបំបាត់ពន្លឺនៃក្តីសង្ឃឹម សម្រាប់ការងើបឡើងវិញភ្លាមៗនៃឧស្សាហកម្មទេសចរណ៍។ លោក Dinh Trong Thinh សាស្រ្តចារ្យបណ្ឌិតសភាហិរញ្ញវត្ថុបានមានប្រសាសន៍ថា ប្រសិនបើជំងឺរាតត្បាតមិនត្រូវបានគ្រប់គ្រងបានល្អនោះ ផលប៉ះពាល់សេដ្ឋកិច្ចនឹងមានទំហំធំធេងណាស់ ដោយសារទំហំនៃការរាតត្បាតកាន់តែធំ។

លោកបានបន្ថែមថា សេដ្ឋកិច្ចក្នុងស្រុកកំពុងរងសម្ពាធយ៉ាងខ្លាំងពីតំរូវការទំនិញផលិតផល និងសេវាកម្មខ្សោយ ហើយវាកំពុងប្រឈមមុខនឹងហានិភ័យនៃផលិតកម្ម និងសមត្ថភាពផ្គត់ផ្គង់ដែលត្រូវបានរំខាន។ ខណៈការចំណាយក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃជំងឺរាត្បាត និងការយកឈ្នះលើឥទ្ធិពលរបស់វីរុសនេះ នឹងមានតម្លៃថ្លៃជាងថ្លៃដើមទៅទៀត ហើយផលប៉ះពាល់អវិជ្ជមានបំផុតនឹងត្រូវបានគេមើលឃើញលើការងារផលិតកម្មនិងកំណើនអាជីវកម្ម។

ជាមួយគ្នានេះលោក Nguyen Dinh Cung អតីតនាយកវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច (CIEM) បាននិយាយថា សេដ្ឋកិច្ចបច្ចុប្បន្នត្រូវបានកំណត់ដោយភាពមិនស្ថិតស្ថេរភាពមិនប្រាកដប្រជា និងអសន្តិសុខដោយមនុស្សជាច្រើនព្យាករណ៍ពីទិសដៅកាន់តែយ៉ាប់យ៉ឺន។ ការព្យាករណ៍ទាំងអស់អាចត្រូវបានផ្លាស់ប្តូរឥតឈប់ឈរនៅក្នុងស្ថានភាពនេះ ដូច្នេះយើងត្រូវត្រៀមសម្រាប់សេណារីយ៉ូទាំងអស់។ កំណើនសេដ្ឋកិច្ចក្នុងស្រុកពិតជាទាបហើយវាអាច ទាបបំផុតក្នុងរយៈពេល ៣៥ ឆ្នាំ។

អតីតនាយករូបនេះបានបន្តថា ក្នុងរយៈពេលខ្លីប្រជាជននឹងកំណត់ការធ្វើដំណើរ និងការចំណាយដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការ។ ទន្ទឹមនឹងនេះការវិនិយោគសាធារណៈជាច្រើននៅតែស្ថិតក្នុងសភាពគាំងទ្រឹងនៅឡើយ ព្រោះវិនិយោគិនមានការភ័យខ្លាចពីហានិភ័យ និងមិនសម្រេចចិត្តធ្វើសកម្មភាព ឬ ពង្រឹងវិនិយោគឱ្យបានឆាប់តាមដែលពួកគេគួរធ្វើ។

ក្រៅពីលោកស្រី Stefanie Stallmeister នាយកស្តីទីនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមក៏បាននិយាយផងដែរថាប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំបំផុតក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ។លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទោះបីប្រទេសនេះមានស្ថេរភាពក្នុងឆមាសទី១ នៃឆ្នាំនេះ សេដ្ឋកិច្ចមានកំណើនត្រឹមតែ ១.៨% ស្មើនឹងការថយចុះប្រមាណ ៥% បើប្រៀបធៀបទៅនឹងគន្លងកំណើនកាលពីមុនរបស់ប្រទេស។

គួរបញ្ជាក់ផងដែរថា នៅចុងខែកក្កដាធនាគារពិភពលោកបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុករបស់ប្រទេសវៀតណាមអាចនឹងឈានដល់ ២.៨%នៅឆ្នាំ២០២០ ហើយនឹងងើបឡើងមកនៅត្រឹម ៦.៧% នៅឆ្នាំក្រោយ។ នៅក្នុងរបាយការណ៍ចុងក្រោយធនាគារបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងឈរនៅលំដាប់ទី៥ ក្នុងកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ៕​

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus