ម៉ាឡេស៊ីចំណាយថវិកាជិត ១៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កសិករដែលរងគ្រោះដោយជំងឺរាតត្បាត
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

ប្រទេសម៉ាឡេស៊ីបានផ្តល់ថវិកាចំនួន ៦២លានរីងហ្គីត (១៤.៦លានដុល្លារអាមេរិក) ដល់បណ្តាអង្គការកសិករតាមរយៈគម្រោងកញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ច Prihatin Rakyat (PRIHATIN) ដើម្បីជួយដល់សមាជិករបស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឧស្សាហកម្មចំណីអាហាររបស់ប្រទេសម៉ាឡេស៊ីលោក Ronald Kiandee បាននិយាយថា ទឹកប្រាក់សរុបចំនួន ៥០លានរីងហ្គីតត្រូវបានផ្តល់ទៅកម្មវិធីកសិកម្មរយៈពេលខ្លី (ចាប់ផ្តើមផលិតក្នុងរយៈពេលពី ៣ខែ ទៅ ៦ខែ) ជាមួយនឹងអង្គការកសិករនីមួយៗដែលទទួលបានចន្លោះពី ១០០,០០០រីងហ្គីត ទៅ ២០០,០០០រីងហ្គីត។ លោក Ronald បានបន្តទៀតថា ទឹកប្រាក់ចំនួន ១០ លានរីងហ្គីតផ្សេងទៀតត្រូវបានគេបម្រុងទុកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គោលបំណងស្តុក និងចែកចាយស្បៀងអាហារ ក៏ដូចជាកម្មវិធីសមាហរណកម្មដំណាំដើម្បីធានាថា ខ្សែសង្វាក់តម្លៃផ្គត់ផ្គង់ស្បៀងអាហារកាន់តែមានប្រសិទ្ធិភាព។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា ថវិកាចំនួន ២ លានរីងហ្គីតផ្សេងទៀតក៏ត្រូវបានគេបម្រុងទុកសម្រាប់បង្កើនការប្រើប្រាស់គ្រឿងម៉ាស៊ីនកសិកម្ម រួមមានត្រាក់ទ័រ និងម៉ាស៊ីនច្រូតកាត់ផងដែរ។ លោកបានបញ្ជាក់ថា គ្រប់នាយកដ្ឋាន និងទីភ្នាក់ងារស្ថិតក្រោមក្រសួងដែលរួមមានមន្ទីរកសិកម្ម នាយកដ្ឋានជលផល នាយកដ្ឋានសេវាកម្មបសុពេទ្យ ក្រុមប្រឹក្សាអង្គការកសិករ (LPP) អាជ្ញាធរអភិវឌ្ឍន៍ជលផលម៉ាឡេស៊ី (LKIM) និងកសិធនាគារ ត្រូវបានណែនាំឱ្យអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាថា ក្រុមគោលដៅទទួលបានអត្ថប្រយោជន៍ ហើយគោលដៅរបស់រដ្ឋាភិបាលត្រូវបានសម្រេច៕

ប្រភព៖ ក្រសួងព័ត៌មាន