ដោយសារមូលហេតុមួយនេះ ប្រទេសថៃទំនងជាមិនបើកព្រំដែនអន្តរជាតិសម្រាប់ភ្ញៀវទេសចរទេ រហូតដល់ឆ្នាំ២០២១
ទេសចរណ៍ August 11, 2020 Chan Sreyny

ប្រទេសថៃទំនងជាមិនបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅមុនដំណាច់ឆ្នាំនេះទេ ដោយអាចបណ្ដាលមកពីការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 នៅក្នុងបណ្ដាប្រទេសជាច្រើន នេះបើយោងតាមការព្យាករណ៍របស់អភិបាលរងនៃអាជ្ញាធរទេសចរថៃ (TAT) ។

ថ្លែងនៅឯសិក្ខាសាលាមួយទៀតដែលរៀបចំឡើងដោយ Mekong Tourism and TravelMole អភិបាលរងផ្នែកទីផ្សារអន្តរជាតិនៅ (TAT) លោក Chattan Kunjara Na Ayudhya បានកត់សម្គាល់ថា មិនមានការពិភាក្សាអំពីពេលវេលាដែលបានចេញសម្រាប់ការបើកប្រទេសនេះឡើងវិញ ដើម្បីធ្វើដំណើរកម្សាន្តក្នុង និងក្រៅប្រទេស ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ជាតិ Covid-19 ប្រចាំសប្តាហ៍នោះទេ។

នាឱកាសនោះលោកបាននិយាយ អំពីវិធីសាស្រ្តរបស់រដ្ឋាភិបាលថៃ ក្នុងការប្រុងប្រយ័ត្នខ្ពស់លើការបើកព្រំដែនឡើងវិញ ហើយលោកក៏មិនរំពឹងថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តនោះដែរ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២១ ។ ជាងនេះទៅទៀតអភិបាលរងរូបនេះបានលើកឡើងថា លោកមិនទទួលបានសញ្ញាណាមួយពីរដ្ឋាភិបាលដែលថា ប្រទេសថៃនឹងបើកព្រំដែនសម្រាប់ទទួលភ្ញៀវទេសចរនៅឆ្នាំនេះទេ ដោយកត្តានេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើឧស្សាហកម្មទេសចរណ៍។

ក្រៅពីមិនឃើញមានសញ្ញាណាមួយពីរដ្ឋាភិបាល ការពិភាក្សាអំពីការបង្កើត « travel bubbles » ក៏ជាប់គាំងដែរ ដោយកាលពីខែមុនមានការជជែកអំពីការកម្មវិធីទេចរណ៍នេះ ប៉ុន្តែការពិភាក្សានោះមិនទាន់បានបន្តនៅឡើយទេ ដោយសារតែការផ្ទុះឡើងនៅក្នុងប្រទេសជាច្រើនដែលប្រទេសថៃសង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរមកកម្សាន្ត ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ។

ទោះជាយ៉ាណាក្ដី ក្នុងអំឡុងពេលប្រជុំរួមគ្នារបស់ក្រសួងទេសចរណ៍និងកីឡា និងវិស័យឯកជនដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn ក្រុមដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍បានស្នើឱ្យភ្ញៀវទេសចរវិលត្រឡប់មកប្រទេសថៃវិញនៅត្រីមាសទី ៤ ។ ខណៈវិស័យទេសចរណ៍ធ្លាប់ជួលកម្មករ ៤ លាននាក់ មុនពេលផ្ទុះឡើងវីរុស Covid ប៉ុន្តែដោយសារអាជីវកម្មមិនទទួលបានប្រាក់ចំណូលក្នុងរយៈពេល ៦ ខែមកនេះ បានធ្វើឲ្យភាពអត់ការងារធ្វើក្នុងវិស័យនេះអាចកើនលើស ២.៥ លាននាក់៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger