មេដឹកនាំពិភពលោក សន្យាផ្តល់ជំនួយបន្ទាន់ប្រមាណ ៣០០ លានដុល្លារសម្រាប់ប្រទេសលីបង់
សេដ្ឋកិច្ច August 11, 2020 Chan Sreyny

តំណាងមកពីជាង ៣០ ប្រទេស និងអង្គការអន្តរជាតិបានព្រមព្រៀងផ្តល់ជំនួយសង្គ្រោះបន្ទាន់ប្រមាណ ៣០០ លានដុល្លារសម្រាប់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ធំកាលពីដើមខែសីហា​ នៅ Beirut ។ ការផ្ទុះនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥៨ នាក់ស្លាប់ និងប្រហែល ៦,០០០ នាក់ផ្សេងទៀតរងរបួស។

ថ្នាក់ដឹកនាំរួមទាំងប្រធានាធិបតីអាមេរិក បានចូលរួមក្នុងសន្និសីទម្ចាស់ជំនួយតាមអ៉ីនធឺណេតកាលពីថ្ងៃទី ៩ ដែលរៀបចំដោយអង្គការសហប្រជាជាតិ និងបារាំង។ នៅក្នុងសន្និសីទតាមប្រព័ន្ធអ៉ីនធឺណេតប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យសមាជិកទាំងអស់ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពក្នុងការផ្តល់ជំនួយដល់ប្រជាជនលីបង់។

ការិយាល័យប្រធានាធិបតីបារាំង បានចេញសេចក្តីថ្លែងការណ៍មួយដោយលោក Macron ដែលជាប្រធាននៃកិច្ចប្រជុំនេះ។ ចំពោះការផ្ដល់ជំនួយនេះ ម្ចាស់ជំនួយគ្រោងនឹងប្រមូលធនធានរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ពួកគេនឹងធ្វើការរួមគ្នា ដើម្បីផ្តល់ជំនួយក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិក្នុងទម្រង់ជាថ្នាំពេទ្យអាហារ និងការកសាងលំនៅដ្ឋានឡើងវិញ។ គួរឱ្យដឹងផងដែរថា បន្ទាប់ពីផ្ទុះក៏មានការខឹងសម្បារជាសាធារណៈប្រឆាំងនឹងរដ្ឋាភិបាល ដែលកំពុងកើនឡើងនៅប្រទេសលីបង់ដែលបង្កឱ្យមានបាតុកម្មហិង្សា៕

អត្ថបទ៖ នីតា
ប្រភព៖ nhk