រដ្ឋាភិបាលម៉ាឡេស៊ីអនុញ្ញាតឱ្យពាណិជ្ជករលក់ទំនិញក្នុងតម្លៃថោក ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច
សេដ្ឋកិច្ច August 10, 2020 Chan Sreyny

រដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឱ្យពាណិជ្ជកររក្សាការលក់ក្នុងតម្លៃថោកដែលគ្មានដែនកំណត់ ក្នុងគោលបំណងដើម្បីជម្រុញការចំណាយរបស់អ្នកប្រើប្រាស់ ដោយការធ្វើបែបនេះអាចជម្រុញសេដ្ឋកិច្ចរបស់ប្រទេសក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 ។

យោងតាមកាសែត New Straits Times បានឱ្យដឹងថា ពាណិជ្ជករនៅម៉ាឡេស៊ីត្រូវបានអនុញ្ញាតឱ្យរៀបចំការលក់ក្នុងតម្លៃថោក ៤ ដងក្នុងមួយឆ្នាំ ដែលរដ្ឋាភិបាលបានកំណត់ចំនួន ៣ ដងហើយរយៈពេល និងកាលបរិច្ឆេទត្រូវជ្រើសរើសដោយប្រតិបត្តិករអាជីវកម្ម។ គំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលឥឡូវនេះ អនុញ្ញាតឱ្យពួកគេកាន់កាប់ការលក់ដែលមានតម្លៃថោកគ្មានដែនកំណត់ដោយគ្មានកូតា។

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Dr Yeah Kim Leng មកពីសាលាសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Sunway បានឱ្យដឹងថា ការផ្លាស់ប្តូរបែបនេះអាចជម្រុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ប្រទេស ដោយកត់សម្គាល់ថាការធ្វើឱ្យប្រក្រតីនៃការចំណាយរបស់អតិថិជនមានសារៈសំខាន់ណាស់ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ ការធ្វើបែបនេះ មានសារៈសំខាន់ជាពិសេសក្នុងកំឡុងពេលនៃការធ្លាក់ចុះនៃការគ្របដណ្តប់ដោយ Covid-19 ក្នុងការស្តារសេដ្ឋកិច្ចក្នុងស្រុកជាពិសេសក្នុងឧស្សាហកម្មដែលរងផលប៉ះពាល់ដូចជា៖ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន អាហារលក់រាយ និងទេសចរណ៍ដែលជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់និយោជិក និងអាជីវកម្មខ្នាតតូច។

លើសពីនេះទៅទៀត ប្រធានសេដ្ឋវិទូធនាគារ Bank Islam លោក Mohd Afzanizam Abdul Rashid បាននិយាយថា ការចំណាយរបស់អតិថិជនជាកត្តាជម្រុញដ៏សំខាន់សម្រាប់កំណើនដែលមានចំនួនជាង ៥០% នៃសេដ្ឋកិច្ចម៉ាឡេស៊ី​ ហើយការរីកចម្រើននេះអាចត្រូវបានគេមើលឃើញចាប់ពីខែឧសភា នៅពេលដែលការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ និងសេដ្ឋកិច្ចត្រូវបានបើកឡើងវិញ។ លោកបន្ថែមថា វិធានការណ៍របស់រដ្ឋាភិបាលក្នុងការអនុញ្ញាតិឱ្យការលក់មានតម្លៃថោក គួរជួយជម្រុញការចំណាយរបស់អ្នកប្រើប្រាស់កាន់តែច្រើនជាលំដាប់។

គួរបញ្ជាក់ផងដែរថា ដូចប្រទេសដទៃទៀតដែរ សេដ្ឋកិច្ចម៉ាឡេស៊ីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានចេញនូវកញ្ចប់ថវិកាលើកទឹកចិត្តជាច្រើនដើម្បីជួយដល់សេដ្ឋកិច្ចក្នុងស្រុកដែលជួបការលំបាក៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus