ឧស្សាហកម្មទេសចរណ៍ជប៉ុនជួយបុគ្គលិក និងអ្នកដំណើររបស់ខ្លួនដែលកំពុងរងគ្រោះ ឱ្យទទួលបានចំណូលពីការងារកសិកម្មដែលខ្វះខាតកម្លាំងពលកម្ម
សេដ្ឋកិច្ច August 10, 2020 Chan Sreyny

យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា អង្គការកសិករជាតិរបស់ជប៉ុនកំពុងសហការជាមួយទីភ្នាក់ងារទេសចរណ៍ដ៏ធំរបស់ប្រទេស ដើម្បីធានានូវកម្លាំងពលកម្មសម្រាប់កសិករដែលត្រូវការជំនួយ។

សិក្ខាកាមបច្ចេកទេសបរទេស បានកាត់បន្ថយកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មរបស់ប្រទេសជប៉ុន ប៉ុន្តែនៅឆ្នាំនេះមានការខ្វះខាតដោយសារពួកគេមិនអាចចូលក្នុងប្រទេសជប៉ុនវិញបាន ដោយសារការឆ្លងជំងឺរាតត្បាត Covid-19 ។ សហព័ន្ធជាតិនៃសហករណ៍កសិកម្មមានឈ្មោះថា Zen-Noh កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ដើម្បីការពារបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍។ លោក Inaoka Masahiko មកពី Zen-Noh មានប្រសាសន៍ថា « នេះជាស្ថានភាពឈ្នះឈ្នះ ហើយពួកយើងចង់ធ្វើឱ្យបរិយាកាសការងារកាន់តែងាយស្រួល សម្រាប់បុគ្គលិកឧស្សាហកម្មទេសចរណ៍ »។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារទេសចរណ៍ដ៏ធំ JTB កំពុងជ្រើសរើសបុគ្គលិកពីសណ្ឋាគារ និងក្រុមហ៊ុនឡានក្រុងដែលរងគ្រោះដោយសារជំងឺរាតត្បាត ដើម្បីឱ្យពួកគេទៅធ្វើការនៅឯកសិដ្ឋានជំនួសវិញ។ គម្រោងនេះនឹងចាប់ផ្តើមនៅក្នុងខែសីហា នៅភាគនិរតីនៃខេត្ត Oita ដោយអនុញ្ញាតឱ្យ Zen-Noh ជួយកសិករដែលកំពុងរងគ្រោះដោយកង្វះកម្លាំងពលកម្ម។ JTB ក៏អាចជួយអតិថិជនរបស់ពួកគេដូចជា អ្នកដំណើរគ្រប់ប្រភេទដែលបានជាប់គាំងនៅក្នុងប្រទេសជប៉ុនផងដែរ ដោយពួកគេទាំងនោះនឹងអាចទទួលបានការងារ និងរកប្រាក់ចំណូលពីម្ចាស់កសិដ្ឋាន៕

អត្ថបទ៖ នីតា
ប្រភព៖ nhk