បំណុលសាធារណៈរបស់ប្រទេសឡាវអាចនឹងកើនឡើងដល់ ៦៥% ទៅ ៦៨% ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19
សេដ្ឋកិច្ច August 10, 2020 Chan Sreyny

បំណុលសាធារណៈរបស់ប្រទេសឡាវ អាចនឹងកើនឡើងដល់ ៦៥% ទៅ ៦៨% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២០ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការប្រមូលចំណូលជាតិ ទន្ទឹមនឹងការកើនឡើងនៃប្រាក់កម្ចីដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលឡាវ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្រ្តីឡាវលោក Somdy Douangdy បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភានាពេលថ្មីៗនេះថា « ការប្រមូលចំណូលដោយប្រទេសឡាវនៅឆ្នាំ ២០២០ នឹងថយចុះប្រហែល ៦៩៦ លានដុល្លារ »។ តម្លៃនៃការនាំចេញក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះមានកម្រិតទាបប្រហែល ២,៦០០ លានដុល្លារ ពោលគឺមានការថយចុះ ៥.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ នេះបើយោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ វិស័យសំខាន់ៗជាពិសេសឧស្សាហកម្មកែច្នៃ និងសំណង់បានបង្ហាញពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ សារព័ត៌មានក្នុងស្រុក Vientiane Times បានចុះផ្សាយកាលពីថ្ងៃទី ៧ ​​​ខែសីហា ថាផលិតកម្ម ស៊ីម៉ងត៍ មាស និងទង់ដែងក៏បានធ្លាក់ចុះផងដែរ។ ការនាំចេញផលិតផលមួយចំនួនដូចជា៖ សម្លៀកបំពាក់ ដំឡូងមី ចេក កាហ្វេ ឈើ ក្រដាស និងឧបករណ៍អេឡិចត្រូនិកត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងខ្លាំង។

លើសពីនេះទៅទៀត ការវិនិយោគត្រូវបានរំពឹងថា នឹងថយចុះដោយតម្លៃនៃការវិនិយោគ ដែលបានអនុម័តតាមរយៈប្រព័ន្ធសម្បទានក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះមានត្រឹមតែ ១៥១ លានដុល្លារប៉ុណ្ណោះ បើធៀបនឹង ២,៣៨៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់បន្ថែមទៀតក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំនេះ ព្រោះថាចំនួនភ្ញៀវទេសចរណ៍ក្នុងប្រទេសឡាវក្នុងរយៈពេល ៦ ខែដំបូងមានចំនួនត្រឹមតែ ៨៨៧,៤៤៧ នាក់គឺថយចុះ ៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet