វិបត្តិដែលបង្កឡើងដោយវីរុស Covid-19 មិនត្រឹមតែប៉ះពាល់ដល់មនុស្ស និងអាជីវកម្មប៉ុណ្ណោះទេ តែបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសត្វព្រៃរបស់ប្រទេសថៃ ដែលភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ដើម្បីការរស់រាន។ ជាលទ្ធផលគណៈរដ្ឋមន្រ្តីកាលពីអង្គារបានអនុម័តថវិកាចំនួន ៤៣៥.៣ លានបាត (ប្រមាណ ១៣.៩ លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់សត្វព្រៃមកលើប្រជាជន ខណៈថវិកានេះត្រូវបានស្នើសុំដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន។
ខណៈពេលដែលជំរុំដំរី និង ដែនជំរកសត្វព្រៃ នៅឈៀងម៉ៃ នៃភាគពាយ័ព្យប្រទេសថៃបានបិទទ្វារម្ដងទៀតកាលពីខែឧសភា ដំរីរាប់រយក្បាលត្រូវបានបង្ខំឱ្យត្រឡប់ទៅកន្លែងកំណើតរបស់ពួកគេវិញដើម្បីចៀសវាងភាពអត់ឃ្លាន ការរាំងស្ទះធនធាន និងសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់សត្វទាំងនោះ។ យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលបានឱ្យដឹងថា ថវិកាជាង ៣៦០.៦ លានបាត (ប្រមាណ ១១.៥ លានដុល្លារ) នឹងត្រូវចំណាយសម្រាប់ការពារប្រជាជននិងកសិករពីសត្វដំរីព្រៃ។ ថវិកាទាំងនេះនឹងត្រូវប្រើដើម្បីស្តារប្រភពស្បៀងអាហារធម្មជាតិរបស់សត្វ និងកសាងរបងដើម្បីការពារអ្នកស្រុកនិងកសិដ្ឋានរបស់ពួកគេ។

ដោយឡែកថវិកាចំនួន ២៤.៥ លានបាត (ប្រមាណ ៧៨ ម៉ឺនដុល្លារ) ផ្សេងទៀតនឹងត្រូវប្រើដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយសត្វស្វា ហើយថវិកាដែលនៅសេសសល់នឹងត្រូវវិនិយោគដើម្បីពង្រឹងសមត្ថភាពទីភ្នាក់ងាររដ្ឋាភិបាលក្នុងការទទួល និងថែរក្សាសត្វ រួមទាំងករណីសត្វដែលទទួលបានពីឈ្មួញជួញដូរ។ អ្នកនាំពាក្យរូបនេះបានពន្យល់ថាគ្លីនិកសត្វថ្មី នឹងត្រូវសាងសង់ ខណៈឧបករណ៍ស្តង់ដារនឹងត្រូវរៀបចំសម្រាប់មន្រ្តី៕
អត្ថបទ៖ លីនី
ប្រភព៖ thethaiger


