លោក Bill Gates ចំណាយថវិកា ១៥០ លានដុល្លារ ដើម្បីកាត់បន្ថយតម្លៃវ៉ាក់សាំងកូវីដ១៩ ឲ្យលក់ក្នុងតម្លៃ ៣ ដុល្លារក្នុងមួយដូសប៉ុណ្ណោះ
សេដ្ឋកិច្ច August 8, 2020 Chan Sreyny

វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងទទួលបានថវិកាចំនួន ១៥០ លានដុល្លារពីមូលនិធិ Bill & Melinda Gates និងវិទ្យាស្ថាន GAVI ដើម្បីបង្កើតវ៉ាក់សាំង Covid-19 ចំនួន ១០០ លានដូសសម្រាប់ប្រទេសឥណ្ឌា និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅដើមឆ្នាំ ២០២១ ។

Serum បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៧ ខែសីហា ថាបេក្ខភាពវ៉ាក់សាំងដែលមកពី AstraZeneca និង Novavax នឹងត្រូវដាក់លក់ក្នុងតម្លៃ ៣ ដុល្លារក្នុងមួយដូស ហើយវិទ្យាស្ថាន GAVI ប្ដេជ្ញាចិត្តក្នុងការផ្តល់ជូនវ៉ាក់សាំងដែលមានឈ្មោះថា COVAX ទៅឱ្យប្រទេសចំនួន ៩២ នៅទូរទាំងពិភពលោក។ ដោយមូលនិធិ Gates​ នឹងផ្តល់ថវិកាដល់ GAVI ដែលនឹងត្រូវប្រើដើម្បីគាំទ្រវិទ្យាស្ថាន Serum ។

GAVI ដែលគាំទ្រដោយមូលនិធិ Gates គឺជាដៃគូសុខភាពសាធារណៈ​ និងឯកជន ដែលមានគោលដៅក្នុងការបង្កើនការទទួលថ្នាំបង្ការនៅក្នុងប្រទេសក្រីក្រ។ COVAX​ ត្រូវបានបង្កើតឡើង ដើម្បីធានាការប្រើវ៉ាក់សាំងការពារ Covid-19 យ៉ាងរហ័ស និងស្មើភាពគ្នានៅទូទាំងពិភពលោករួមជាមួយអង្គការសុខភាពពិភពលោក ដើម្បីសហការគ្នាក្នុងការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត។

ទន្ទឹមនឹងនេះ COVAX មានគោលបំណងផ្តល់វ៉ាក់សាំងការពារ Covid-19 ដែលត្រូវបានអនុម័ត និងមានប្រសិទ្ធិភាពនៅចុងឆ្នាំ ២០២១ ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងនៃការឆ្លងជំងឺ Covid-19 ប្រចាំថ្ងៃដែលបានក្លាយជាប្រទេសទី៣ លើពិភពលោកដែលមានចំនួនលើសពី ២ លានករណី៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia