ការនាំចេញម្ហូបអាហាររបស់ជប៉ុនធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺ Covid-19
សេដ្ឋកិច្ច August 7, 2020 Chan Sreyny

ការនាំចេញមុខទំនិញរបស់ជប៉ុន ក៏ដូចជាផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្លាក់ចុះក្នុងឆមាសទី១ នៃឆ្នាំនេះដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺ Covid-19 ។

ក្រសួងកសិកម្មនិយាយថា ការនាំចេញប្រភេទទាំងនេះបានធ្លាក់ចុះ ៨.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមប្រហែល ៣.៩ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ គឺភាគច្រើនដោយសារតែការបិទទ្វារបណ្តោះអាសន្ន នៃភោជនីយដ្ឋានជប៉ុននៅបរទេស។ ការនាំចេញផលិតផលគ្រឿងសមុទ្រ រួមទាំងខ្យងសមុទ្យ និងត្រីសមុទ្យបានធ្លាក់ចុះជិត ៣០% ចំណែកស្រាជប៉ុន និងសាច់គោបានធ្លាក់ចុះជាង ២០% ។

រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក Eto Taku បានមានប្រសាសន៍ថា​« ការនាំចេញទៅកាន់ទ្វីបអាស៊ីកំពុងកើនឡើង ប៉ុន្តែការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានការថយចុះយ៉ាងខ្លាំង ហើយស្ថានភាពនេះគឺធ្ងន់ធ្ងរណាស់។ យើងនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនពាណិជ្ជកម្ម ដើម្បីសម្រេចគោលដៅរបស់យើង »។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនកាលពីដើមឆ្នាំនេះ បានកំណត់គោលដៅច្រើនជាងទ្វេដងនៃតម្លៃនៃការនាំចេញប្រចាំឆ្នាំប្រហែល ១៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk