សេដ្ឋកិច្ចហ្វីលីពីន កំពុងដើរថយក្រោយទៅរកការធ្លាក់ចុះដ៏អាក្រក់បំផុតជាលើកដំបូងក្នុងរយៈពេល ២៩ ឆ្នាំ
សេដ្ឋកិច្ច August 6, 2020 Chan Sreyny

សេដ្ឋកិច្ចហ្វីលីពីន​បានធ្លាក់ចុះលើសពីការរំពឹងទុកក្នុងត្រីមាសទី២ ដែលបានធ្លាក់ចូលក្នុងការធ្លាក់ចុះសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល ២៩ ឆ្នាំដោយសារសកម្មភាពសេដ្ឋកិច្ចត្រូវបានរារាំងដោយការឆ្លងនៃជំងឺ ​Covid-19 ដែលមានអាយុរកាលយូរអង្វែង និងតឹងរ៉ឹងជាងគេបំផុតនៅលើពិភពលោក។

យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហា បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ១៦.៥% នៅក្នុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំត្រីមាសរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៨១ ។ GDP បានធ្លាក់ចុះច្រើនជាងការព្យាករណ៍ ដែលបានធ្លាក់ចុះ ៩% នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងអាក្រក់ជាងការធ្លាក់ចុះ ០.៧% នៅត្រីមាសទី១ ។

GDP ដែលបានកែតម្រូវតាមរដូវកាលបានធ្លាក់ចុះ ១៥.២% នៅក្នុងត្រីមាសទី២ ។ ផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយជំងឺរាតត្បាតអាចកាន់តែអាក្រក់ទៅៗ ខណៈរដ្ឋាភិបាលបានរៀបចំឡើងវិញនូវការត្រួតពិនិត្យការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋធានីម៉ានីល និងខេត្តក្បែរៗនោះអស់រយៈពេល​ ២ សប្តាហ៍គិតចាប់ពីថ្ងៃទី ៤ ខែសីហា ខណៈមានករណីឆ្លងកាន់តែច្រើន។

លោក Nicholas Antonio Mapa សេដ្ឋវិទូជាន់ខ្ពស់របស់ ING បានមានប្រសាសន៍ថា​ « សេដ្ឋកិច្ចរបស់ហ្វីលីពីនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ជាមួយនឹងការថយចុះនៃ GDP នៅក្នុងត្រីមាសទី២ ដែលបង្ហាញពីផលប៉ះពាល់នៃការបិទទ្វារសេដ្ឋកិច្ចដែលពឹងផ្អែកលើការប្រើប្រាស់ »។ លោកបន្ថែមថា ជាមួយនឹងអត្រាគ្មានការងារធ្វើនឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយយើងមិនរំពឹងថានឹងមានការផ្លាស់ប្តូរឥរិយាបទនៃការប្រើប្រាស់ភ្លាមៗនោះទេ​ ប្រសិនបើករណីឆ្លងនៃជំងឺ Covid-19 នៅតែមាការកើនឡើង។

ទន្ទឹមនឹងនេះ អាជីវកម្មមួយចំនួនត្រូវបានបញ្ជាឱ្យបិទទ្វារ ហើយការធ្វើដំណើរត្រូវបានរឹតបន្តឹងម្តងទៀតនៅក្នុងទីក្រុងម៉ានីល និងខេត្តក្បែរៗនោះដែលមានចំនួន ១/៤ នៃចំនួនប្រជាជនសរុប និងសកម្មភាពសេដ្ឋកិច្ចភាគច្រើន។​ គួរបញ្ជាក់ផងដែរថា ហ្វីលីពីនបានកត់ត្រាចំនួនអ្នកឆ្លងចំនួន ១១៥,៩៨០ នាក់គិតត្រឹមថ្ងៃទី ៧ ខែសីហា គឺនៅពីក្រោយការឆ្លងនៅប្រទេសឥណ្ឌូនេស៊ីចំនួន ១១៦,៨៧១ ករណីដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីបូព៌ា៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia