សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះក្នុងត្រីមាសទី២ ក្នុងរយៈពេលជាង ២ ទស្សវត្សដែលត្រូវបានបំផ្លាញដោយជំងឺ Covid-19 ដែលមានការព្រមានថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអាចស្ថិតក្នុងចំណោមខ្សោយបំផុតនៅអាស៊ីអាគ្នេយ៍។
ទីភ្នាក់ងារស្ថិតិបាននិយាយថា ទិន្នផលនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់បានធ្លាក់ចុះ ៥.៣% ក្នុងខែមេសា ដល់មិថុនា។ ទីផ្សាររបស់ឥណ្ឌូនេស៊ី បានកត់សម្គាល់នូវការធ្លាក់ចុះដំបូងចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៩ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី និងធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាលើកដំបូងរបស់ខ្លួនចាប់តាំងពីពេលនោះមក។ កាលពីខែកក្កដា ធនាគារកណ្តាលឥណ្ឌូនេស៊ីបានកាត់បន្ថយអត្រាការប្រាក់ជាលើកទី៤ នៅឆ្នាំនេះក្នុងគោលបំណងជម្រុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលនៅជុំវិញពិភពលោក បាននឹងកំពុងទប់ទល់នឹងជំងឺដ៏សាហាវនេះ ដែលបានបង្ខំឱ្យរដ្ឋាភិបាលបិទទ្វារសេដ្ឋកិច្ចពិភពលោកនៅត្រីមាសទី២ ។ ឥណ្ឌូនេស៊ី ក៏បានប្រកាសអំពីកញ្ចប់ជំនួយដែលមានតម្លៃជាង ៤៨ ពាន់លានដុល្លារ ដើម្បីជួយដល់ផលប៉ះពាល់នៃជំងឺរាតត្បាតដែលបានបង្ខំឱ្យមានការបិទទ្វារប្រទេសលក្ខណៈទ្រង់ទ្រាយធំ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចរួមទាំងវិស័យទេសចរណ៍សំខាន់ៗផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រជុំកោះដែលមានប្រជាជនជិត ២៧០ លាននាក់បាននឹងកំពុងបន្ធូរបន្ថយការរឹតត្បិត ក្នុងគោលបំណងដើម្បីទប់ស្កាត់ការដួលរលំនៃសេដ្ឋកិច្ច ប៉ុន្តែការឆ្លង Covid-19 កំពុងតែកើនឡើងដល់ ១១៥,០០០ នាក់និងច្រើនជាង ៥,៣០០ នាក់បានស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


