រដ្ឋាភិបាលអូស្រ្តាលី ប្ដេជ្ញា​នឹងបន្តផ្ដល់ហិរញ្ញប្បទានមកកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 5, 2020 Chan Sreyny

រដ្ឋាភិបាលអូស្រ្តាលី​នឹងបន្តផ្ដល់ហិរញ្ញប្បទានមកកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ តាមរយៈផែនការអភិវឌ្ឍន៍របស់អូស្រ្តាលី សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ដែលនឹងចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២០-២០២១ និង ឆ្នាំ២០២១-២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័តមានដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីដើមសប្ដាហ៍នេះ។

នៅក្នុងជំនួបពិភាក្សាការងារ និងសំដែងការគួរសមរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិកាគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Pablo KANG ដែលជាឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី កាលពីថ្ងៃទី០៣ ខសីហា ឆ្នាំ២០២០នេះ ឯកឧត្តម Pablo KANG បានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលធ្វើឲ្យកម្ពុជាសម្រេចបានវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិសេសសម្រេចបាន​ឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតទាប និងបានដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបានស្ថិរភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលីនឹងផ្ដល់ហិរញ្ញប្បទានមកកម្ពុជាបន្ថែមទៀត ដើម្បី ចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល​ និងប្រជាជន អូស្រ្តាលីដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុវត្តផែនការហរិញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលីដែលបាននឹងកំពុងគាំទ្រកម្ពុជាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការស្ដាសេដ្ឋកិច្ច។

សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩២-២០១៩ រដ្ឋាភិបាលអូស្រ្តាលីបានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១,០៣៩ លានដុល្លារអាមេរិក ដោយផ្ដោតលើវិស័យអាទិភាព ៤ គឺ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល និងអភិបាលកិច្ច៕

អត្ថបទ៖ លីនី