ធនាគារអភិវឌ្ឍន៍អាស៊ី៖ ការផ្ទេរប្រាក់មកប្រទេសកម្ពុជាបានធ្លាក់ចុះរាប់លានដុល្លារនៅឆ្នាំនេះ
សេដ្ឋកិច្ច August 5, 2020 Chan Sreyny

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ប្រទេសកម្ពុជាអាចនឹងបាត់បង់ប្រាក់សន្សំជាង ១៥% ដែលបានមកពីការផ្ទេរប្រាក់ពីក្រៅប្រទេសនៅឆ្នាំនេះ ក្រោមសេណារីយ៉ូដ៏អាក្រក់បំផុតដោយសារតែជំងឺរាតត្បាត Covid-19 ។

ផ្អែកលើការផ្ទេរប្រាក់សរុបរបស់កម្ពុជាចំនួន ២.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដោយប្រាក់ជាង ៤២០ លានដុល្លារនឹងមិនត្រូវបានបញ្ជូនទៅផ្ទះវិញទេនៅឆ្នាំ ២០២០ ដែលភាគច្រើនមកពីប្រទេសថៃ ពីព្រោះកម្មកររាប់សែននាក់បានវិលត្រឡប់ទៅផ្ទះវិញ។ នៅក្នុងរបាយការណ៍របស់ខ្លួនស្តីពី​ “ Covid-19 ផលប៉ះពាល់លើការធ្វើចំណាកស្រុកអន្តរជាតិ ការផ្ទេរប្រាក់ និងគ្រួសារអ្នកទទួលក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ី ” ADB បាននិយាយថា វិបត្តិសេដ្ឋកិច្ចបណ្តាលមកពី Covid-19 បានគំរាមកំហែងដល់សន្តិសុខការងារ និងសុខុមាលភាពរបស់ពលករចំណាកស្រុកអន្តរជាតិជាង ៩១ លាននាក់មកពីអាស៊ី និងប៉ាស៊ីហ្វិក។

តាមរបាយការណ៍បានឱ្យដឹងថា ​​​​ប្រាក់បញ្ញើសរុបទៅអាស៊ីត្រូវបានគេរំពឹងថានឹងធ្លាក់ចុះចន្លោះ ៣១.៤ ពាន់លានដុល្លារ (សេណារីយ៉ូមូលដ្ឋាន) ដែលស្មើនឹង ១១.៥% និង ៥៤.៣ ពាន់លានដុល្លារ (សេណារីយ៉ូដ៏អាក្រក់បំផុត) ស្មើនឹង ១៩.៨% នៅឆ្នាំនេះនៃប្រាក់ដែលបានផ្ញើមកផ្ទះរៀងៗខ្លួន។ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីនរងផលប៉ះពាល់ខ្លាំងជាងគេ ដោយការផ្ញើប្រាក់បានធ្លាក់ចុះជាង ២០% និងប្រទេសផ្សេងទៀតដូចជា ប្រទេសកម្ពុជាលើសពី ១៥% ។

គួរបញ្ជាក់ផងដែរថា ពលករចំណាកស្រុកកម្ពុជានៅកូរ៉េខាងត្បូង និងជប៉ុនបានផ្ញើប្រាក់មកផ្ទះចំនួន ១២.៩១ លានដុល្លារតាមរយៈធនាគារអេស៊ីលីដានៅក្នុងឆមាសទី១ នៃឆ្នាំនេះគឺថយចុះ ១.៤១ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានឱ្យដឹងថា កាលពីឆ្នាំ ២០១៩​ ពលករកម្ពុជាចំនួន ១.២ លាននាក់ ដែលធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង (ចិន) ម៉ាឡេស៊ី និងអារ៉ាប៊ីសាអ៊ូឌីតបានផ្ញើប្រាក់មកផ្ទះចំនួន ២.៨ ពាន់លានដុល្លារ ដែលមានការកើនឡើង ១.៤ ពាន់លានដុល្លារបើធៀបនឹងឆ្នាំ ២០១៨ ៕

អត្ថបទ៖​ នីតា
ប្រភព៖ vietnamplus