ថៃកំពុងស្វះស្វែងដោះស្រាយ ច្នៃ និងស្វែងរកទីផ្សារកញ្ឆាពីផ្នែកវេជ្ជសាស្រ្តទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីច្បាប់ថ្មីស្ដីពីថ្នាំផលិតចេញពីកញ្ឆាត្រូវអនុម័ត
សេដ្ឋកិច្ច August 4, 2020 Chan Sreyny

ប្រទេសថៃកំពុងស្នើសេចក្ដីព្រាងច្បាប់កែសម្រួលថ្មីមួយ លើច្បាប់គ្រឿងញៀនចាស់របស់ខ្លួនទៅកាន់គណៈរដ្ឋមន្រ្តី នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ ដើម្បីសម្រួលឱ្យប្រសើរជាងមុនទាក់ទងនឹងអត្ថប្រយោជន៍នៃថ្នាំកញ្ឆានៅក្នុងវេជ្ជសាស្ត្រ។

អគ្គលេខាធិការរងរដ្ឋបាលស្បៀងអាហារ និងឱសថលោក Paisarn Dunkum បាននិយាយថា វិធានការនេះនឹងធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសកាលពីគម្រោងបន្ទាន់ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំផលិតពីកញ្ឆា។ តាមច្បាប់កំពុងប្រើបច្ចុប្បន្ន​​ គ្រឹះស្ថានវេជ្ជសាស្រ្តថៃ និងអ្នកជំងឺមិនអាចទទួលបានការព្យាបាលដោយប្រើប្រាស់កញ្ឆាបានគ្រប់គ្រាន ដោយសារការខ្វះការយល់ដឹងពីផលប្រយោជន៍របស់វា។

ហេតុដូច្នេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul ចង់ដោះស្រាយអំពីសក្ដានុពលនៃកញ្ឆាដើម្បីផលិតជាថ្នាំ ក្រោមសេចក្ដីព្រាងច្បាប់ថ្មីនៃសកម្មភាពដែលត្រូវបានត្រួតពិនិត្យដោយគ្រប់ផ្នែកទាំងអស់ ហើយត្រូវបានអនុម័តដោយគណៈកម្មការឱសថ។ សេចក្តីព្រាងច្បាប់នេះដែរ នឹងផ្តោតលើការគាំទ្រដល់ចម្ការកញ្ឆា សម្រាប់ផលិតជាថ្នាំវេជ្ជសាស្រ្ត អភិវឌ្ឍចំណេះដឹងក្នុងតំបន់ និងជំរុញឧស្សាហកម្មវេជ្ជសាស្រ្តផលិតពីកញ្ឆា។

ទន្ទឹមនឹងនេះដែរ លោក Marut Jirasrattasiri អគ្គនាយកនៃនាយកដ្ឋានឱសថបុរាណថៃបានមានប្រសាសន៍ថា គ្លីនិកកញ្ឆាថៃនៅតាមមណ្ឌលសុខភាពសាធារណៈចំនួន ២៩១ បានទទួលការស្នើសុំចំនួន ៦០,០០០ សម្រាប់ការព្យាបាលនៅឆ្នាំនេះ។ លោកបានបន្តថា ច្បាប់ដែលបានធ្វើវិសោធនកម្ម (កែសម្រួល) នេះនឹងជួយលើកកម្ពស់ចំណេះដឹងក្នុងការផលិត ចម្រាញ់កញ្ឆា សម្រាប់រោងចក្រដើម្បីផលិតឱសថក្រោមការអនុវត្តន៍ផលិតកម្មល្អរបស់អង្គការសុខភាពពិភពលោក (GMP) សម្រាប់មន្ទីរពេទ្យចំនួន ១៥២ នៅក្នុងប្រទេសថៃ។

បច្ចុប្បន្ននេះមានមន្ទីរពេទ្យចំនួន ៤ កំពុងធ្វើការសាកល្បងប្រើប្រាស់ថ្នាំដែលផលិតពីកញ្ឆា ដើម្បីព្យាបាលអ្នកជំងឺចំនួន ១៥,២០០ នាក់ ខណៈដែលក្រសួងសុខាភិបាលសាធារណៈបានបង្កើតចម្ការកញ្ឆាចំនួន ៦ កន្លែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand