ក្នុងរយៈពេល ៧ ខែនៃឆ្នាំ២០២០ នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ភ្ញៀវបរទេសទទួលបានចំនួន ១៨,១៧០,៩៩០ ដុល្លារ ដែលប្រាក់ចំណូលនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងគឺ ៧០.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយគ្រឹះស្ថានអង្គរកាលពីចុងសប្ដាហ៍មុន។
តាមប្រភពដដែលបានឲ្យដឹងថា ក្នុងរយៈពេល ៧ខែដំបូងនេះសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៨៩,៦៣០ នាក់ធ្លាក់ចុះ ៧២.០៤% ខណៈប្រាក់ចំណូលជាង ៧៧៩,២៦០ ដុល្លារអាមេរិកត្រូវបានបរិច្ចាគទៅមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកក្នុងខែកក្កដាតែមួយសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ១,៧៩០ នាក់ធ្លាក់ចុះ ៩៨.៨០% ដែលរកចំណូលបាន ៧៨,៤៤០ ដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញមូលហេតុដែលបណ្ដាលឲ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ និងខាតបង់ប្រាក់ចំណូលដ៏ច្រើនបែបនេះ គឺបណ្ដាលមកពីវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅលើពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19៕

ប្រភព៖ ក្រសួងព័ត៌មាន


