អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា ជាស្ត្រីមានសមត្ថភាពខ្ពស់ និងបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងការជម្រុញកំណើនបច្ចេកវិទ្យា វិស័យធនាគារ និងធនាគារចល័ត
PR August 3, 2020 Chan Sreyny

ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយ 42 ភាគរយ នៃប្រតិបត្តិការកាតទាំងអស់ ត្រូវបានធ្វើឡើងដោយដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម “ ប៉ះដើម្បីបង់ប្រាក់” ។ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក Visa បានបើកយុទ្ធនាការលើកកម្ពស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless ដោយចាប់ដៃគូជាមួយក្រុមហ៊ុនដែលមានស្លាកសញ្ញាល្បីៗមួយចំនួន រួមមាន ផ្សារទំនើប DFI Lucky, AEON និង AEON MaxValu និង ស្ថានីយប្រេងឥន្ធនៈ Caltex ជាដើម។ តាមរយៈការដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless នៅតាមបណ្តាសាខាផ្សារ និងហាងទំនើបទាំងអស់នេះ Visa សង្ឃឹមថានិងអាចផ្តល់ជូនអតិថិជននូវការអប់រំស្តីពីរអត្ថប្រយោជន៍នៃវិធីសាស្រ្តទូទាត់ប្រាក់ថ្មីៗក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដែលស្ថិតការអនុវត្តគម្លាតសង្គមជាងពេលណាៗទាំងអស់។ នៅក្នុងកិច្ចសម្ភាសន៍នៅថ្ងៃនេះ Visa នឹងចែករំលែកពីការសហការក្នុងនាមភាពជាដៃគូទាំងនេះ និងថាតើពួកគាត់អាចផ្តល់សេវាកម្មដល់អថិជនតាមរបៀបណា ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រដែលអតិថិជនអាចបង់ប្រាក់សម្រាប់ទំនិញ និងសេវាកម្មដែលពួកគាត់ត្រូវការ។

Q1:- ដើម្បីជាប្រយោជន៍ដល់អ្នកអានរបស់យើង តើអ្នកស្រីអាចពន្យល់បានទេថា ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless គឺជាអ្វី ហើយវាដំណើរការយ៉ាងដូចម្តេច?
ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless គឺជាមធ្យោបាយទូទាត់ថ្មីមួយដែលមានភាពងាយស្រួលជាងមុន ជាងមុន រហ័ស និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រាន់តែប៉ះ Visa កាត នៅជិតម៉ាស៊ីនគិតប្រាក់ដើម្បីធ្វើប្រតិបត្តិការក្នុងការទិញទំនិញរហូតដល់ ៥០ដុល្លារ ដោយមិនតម្រូវឲ្យមានការចុះហត្ថលេខាអ្វីឡើយ។ តែប្រសិនបើការទិញលើសពីទឹកប្រាក់ ៥០ដុល្លារ អតិថិជននឹងតម្រូវឲ្យចុះហត្ថលេខា ឬ បញ្ចូលលេខសម្ងាត់ដើម្បីធ្វើប្រតិបត្តិការ។ បច្ចេកវិទ្យា Contactless នេះប្រើប្រាស់បន្ទះឈីបបំពាក់ដោយអង់តែនតូចៗដែលផ្តល់លក្ខណៈងាយស្រួលដល់ម៉ាស៊ីនគិតប្រាក់អាចទទួលសញ្ញាបាននៅក្នុងរយៈចំងាយជិត ៤ សង់ទីម៉ែត្រ ឬ តិចជាងនេះ។ ក្នុងអំឡុងពេលប្រតិបត្តិការ កាតរបស់អ្នកនឹងស្ថិតនៅក្នុងដៃជានិច្ច ហើយវាជាការទូទាត់ដ៏ឆាប់រហ័សបំផុត តាមរយៈការប្រើបច្ចេកវិទ្យា Contactless ម៉ាស៊ីនគិតប្រាក់អាចទទួលរលកសញ្ញាពីកាតរបស់អ្នក ដោយប្រើពេលតិចជាងកន្លះវិនាទីប៉ុណ្ណោះ។

Q2:- តើម្ចាស់កាតត្រូវធ្វើដូចម្តេចដើម្បីធ្វើបច្ចុប្បន្នភាព Visa កាត ដែលមានស្រាប់ ឬក៏តម្រូវឲ្យដាក់ពាក្យសុំធ្វើកាតថ្មី? ចុះចំណែកម្ចាស់កាតដែលមានបំពាក់ដោយបច្ចេកវិទ្យា Contactless នេះ អាចធ្វើការទូទាត់ប្រាក់បាននៅគ្រប់ម៉ាស៊ីនឆូតកាតទាំងអស់ឬក៏អាចប្រើប្រាស់បានតែនៅតាមបណ្តាទីតាំងដែលមានបំពាក់នូវបច្ចេកវិទ្យា Contactless នេះទេ?
ដើម្បីធ្វើបច្ចុប្បន្នភាព Visa កាត ដែលមានស្រាប់ ឬក៏ចង់ដាក់ពាក្យស្នើសុំធ្វើកាតថ្មី ដែលមានបំពាក់បច្ចេកវិទ្យា Contactless អ្នកអាចទាក់ទងទៅកាន់ធនាគារដែលបានចេញកាតឲ្យ នឹងសួរខាងធនាគារទាំងនោះថាពួកគាត់អាចទៅសុំស្នើផ្លាស់ប្តូកាតថ្មីនៅតាមសាខាណាមួយ ឬអាចចុះឈ្មោះស្នើសុំធ្វើកាតថ្មីតាមអនឡាញ។ ធនាគារនីមួយៗ មានផលិតផលកាតឥណពន្ធ និងឥណទានដែលបំពាក់ដោយច្ចេកវិទ្យា Contactless រួចជាស្រេចសម្រាប់ផ្តល់ជូនដល់អតិថិជនរបស់ខ្លួន។ នៅពេលធ្វើការផ្លាស់ប្តូរកាតដែលមានបំពាក់ដោយបច្ចេកវិទ្យា Contactless នេះ ម្ចាស់កាតអាចធ្វើការទូទាត់នៅគ្រប់ទីកន្លែងគិតប្រាក់ដោយគ្រាន់តែប៉ះកាតដើម្បីទូទាត់ប្រាក់នៅគ្រប់ទីកន្លែងដែលអ្នកឃើញនិមិត្តសញ្ញាបច្ចេកវិទ្យា Contactless នៅកន្លែងគិតលុយ ហើយក្នុងករណីដែលអ្នកលក់ ឬអ្នកផ្តល់សេវាកម្ម មិនមានបច្ចេកវិទ្យា Contactless ដែលត្រូវគ្នានឹងកាតរបស់អ្នក អ្នកនៅតែអាចឆូតកាត ឬបញ្ចូលលេខកូដ ដើម្បីបញ្ចប់ប្រតិបត្តិការទូទាត់បានដូចគ្នា។

Q3:- តើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?
ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ផ្តល់ជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់។ ជំនួសឲ្យការយកសាច់ប្រាក់តាមខ្លួន ឥឡូវនេះអ្នកគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតជាការស្រេច។ កាតដែលមានបច្ចេកវិទ្យា Contactless អនុញ្ញាតឲ្យយើងធ្វើការទូទាត់ងាយស្រួល និងលឿនជាងមុន នឹងជាជម្រើសដ៏ល្អក្នុងការទូទាត់នៅពេលធ្វើដំណើរ។ មិនថាអ្នកបង់ប្រាក់នៅបញ្ឈរសេវាកម្ម ឬ ចូលចាក់សាំងនោះទេ ការទូទាត់រហ័សអាចកាត់បន្ថយការតម្រង់ជួរ និងជួយអោយអ្នកកាន់តែមានភាពងាយស្រួលក្នុងការចាក់ប្រេងបំពេញយានយន្តរបស់អ្នក។ ហើយជាមួយនឹងការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺ Covid-19 ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless មានអត្ថប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់កំលុងពេលអតិថិជនកំពុងសម្លឹងរកវិធីកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់លើវត្ថុនានានៅតាមទីសាធារណៈ។

Q4:- តើការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless មានសុវត្ថិភាពកម្រិតណាដែរ? តើម្ចាស់កាតដែលបំពាក់ដោយបច្ចេកវិទ្យា Contactless គួរមានការប្រុងប្រយ័ត្នបែបណានៅពេលប្រើប្រាស់?
ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless គឺមានសុវត្ថិភាពបំផុត – តាមពិតវាមានសុវត្ថិភាពដូចគ្នា នឹងការទូទាត់តាមរយៈកាតដែលបំពាក់ដោយបន្ទះឈីបដូច្នោះដែរ។ ដោយ សារកាតស្ថិតក្នុងដៃរបស់អ្នកជានិច្ចនោះ វាបានផ្តល់នូវការគ្រប់គ្រង និងសុវត្ថិភាពខ្ពស់នូវរាល់ប្រតិបត្តិការនីមួយៗ។ រាល់ពេលមានប្រតិបត្តិការ លេខកូដសំងាត់ពិសេសដែលត្រូវបានបង្កើតឡើង គឺអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃប្រតិបត្តិការ។ ដោយ សារតែលេខកូដសំងាត់នេះបង្កើតឡើងក្នុងគោលបំណងប្រើបានតែម្តង វាមិនមានផ្ទុកទិន្នន័យរបស់ម្ចាស់កាតនោះទេ វានឹងមិនអាចត្រូវបានប្រើដោយជនទុច្ចរិតក្នុងការលួចប្រាក់របស់អ្នកបានឡើយ បើទោះបីពួកគេអាចចាប់ទិន្នន័យនេះបានក៏ដោយ។ ប្រតិបត្តិការតាមរយៈបច្ចេកវិទ្យា Contactless ត្រូវបានដំណើរការជាសកលតាមរយៈ VisaNet អនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់របស់ ក្រុមហ៊ុន Visa នៅទូទាំងពិភពលោក ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត ដើម្បីតាមដានរាល់ប្រតិបត្តិការគួរឲ្យសង្ស័យ និងការពារការក្លែងបន្លំ។ ជាការពិតណាស់ ការប្រុងប្រយ័ត្នពិតជាចាំបាច់សម្រាប់ម្ចាស់កាតរបស់យើង អ្នកមិនត្រូវទុកកាត ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនជាលក្ខណៈចំហរនោះដែរ ហើយប្រសិនបើអ្នកបាត់កាត អ្នកត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់ដើម្បីស្នើសុំផ្អាកប្រតិបត្តិការកាតរបស់អ្នក។ ជាមួយនឹងវិធានការណ៍សាមញ្ញៗមួយចំនួននេះ អ្នកអាចប្រាកដចិត្តបានថាការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless គឺមានសុវត្ថិភាពបំផុត។
Q5:- តើការទទួលយកការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះដំណើរការដល់ចំនុចណាហើយ? តើ Visa មានវិធីសាស្ត្រអ្វីខ្លះដើម្បីពន្លឿនដល់ការទទួលយកការទូទាត់ប្រាក់បែបថ្មីនេះ?
យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការណែនាំបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែយើងជឿជាក់ថាជម្រើសនៃការទូទាត់ប្រាក់របស់ប្រជាជនកម្ពុជាយើងនឹងមានការផ្លាស់ប្តូរ។ នៅក្នុងប្រទេសកម្ពុជាជុំវិញ Visa ប្រតិបត្តិការ មានចំនួន 42% ត្រូវបានធ្វើឡើងដោយការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដូច្នេះបើយើងក្រលេកមើលមកវិញ ប្រជាជនយើងមានការរីកចម្រើនខ្លាំងលើការប្រើប្រាស់វិធីសាស្រ្តនៃការទូទាត់បែបថ្មីនេះ។
យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់ Visa កាតកាលពីពេលថ្មីៗនេះបានបង្ហាញថាប្រមាណមួយភាគបីនៃអតិថិជន ចាប់អារម្មណ៍ក្នុងការប្រើប្រាស់កាតដែលមានបច្ចេកវិទ្យា Contactless ឬ ប្រើទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់ ។ ៧៩% នៃអ្នកប្រើប្រាស់បាននិយាយថាពួកគេចាប់អារម្មណ៍ក្នុងការប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ចល័តនៅតាមផ្សារទំនើបនានា នេះបញ្ជាក់ថាអតិថិជនហាក់ដូចជាមានឆន្ទៈក្នុងការប្រើប្រាស់បច្ចេកវិទ្យា Contactless សម្រាប់ការចំណាយប្រចាំថ្ងៃ។ តាមរយៈដៃគូអ្នកអាជីវកម្មដែលយើងមានជាមួយក្រុមហ៊ុន DFI (ផ្សារទំនើបឡាក់គី)ផ្សារទំនើប Aeon និង Aeon MaxValu ផ្សារទំនើបនានា និងស្ថានីយ៍ប្រេងឥន្ធនៈ Caltex អតិថិជននឹងបានយល់ដឹងអំពីវត្តមានព្រមទាំងអត្ថប្រយោជន៍នៃការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless បានកាន់តែច្រើន។ Visa កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយពាណិជ្ជករជាដៃគូរបស់យើង ដើម្បីបង្កើនការប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដោយបន្តយុទ្ធនាការផ្សព្វផ្សាយ និងបន្តប្រើប្រាស់ការទទួលយកវិធីសាស្រ្តនៃការទូទាត់ថ្មីនេះទៅតាមតម្រូវការអតិថិជននៅតាមទីតាំងលក់នានា។

Q6:- តើខាង Visa មានធ្វើយុទ្ធនាការផ្សព្វផ្សាយប្រភេទណាខ្លះ ដើម្បីជួយលើកកម្ពស់ដល់ការយល់ដឹងពីវិធីសាស្រ្តនៃទូទាត់តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់ម្ចាស់កាត?
យើងបានបង្កើតយុទ្ធនាផ្សព្វផ្សាយជាច្រើនដើម្បីជួយលើកទឹកចិត្តដល់ការទទួលយកវិធីសាស្រ្តនៃការទូទាត់ថ្មីនេះឲ្យកាន់តែទូលំទូលាយពីអ្នកប្រើប្រាស់។ ចាប់តាំងពីដើមខែកក្កដាមក ម្ចាស់ Visa កាត ដែលមានបំពាក់នូវបច្ចេកវិទ្យា Contactless អាចចាក់សាំងនៅ ស្ថានីយ៍ប្រេងឥន្ធនៈ Caltex ដែលបានជ្រើសរើសទាំង ១៨ ស្ថានីយ ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ ០,៣ ដុល្លារភ្លាមៗ នៅពេលចំណាយចាក់សាំងចាប់ពី ២ ដុល្លារ ឡើងទៅនៅក្នុងប្រតិបត្តិការតែមួយតាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless នេះ។ ជាមួយគ្នានេះផងដែរ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ម្ចាស់ Visa កាត ដែលចំណាយជាលើសពី 20 ដុល្លារ នៅផ្សារទំនើប Aeon និង Aeon MaxValu និងទទួលបានប័ណ្ណទឹកប្រាក់ 3ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមសាកសួរព័ត៌មានលម្អិតនៅតាមទីតាំងនីមួយៗដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលសម្រាប់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless យើងក៏បានកំពុងធ្វើការទៅលើភាពជាដៃគូជាមួយអាជីវកម្មដទៃទៀត រួមជាមួយការផ្សព្វផ្សាយការលើកទឹកចិត្តតាមបែបផ្សេងៗគ្នាជាច្រើន។

អ្នកស្រី ជុំ ម៉ូនីកា ជានាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា និង​ជាអ្នកមើលការខុសត្រូវលើអាជីវកម្មរបស់ក្រុមហ៊ុន Visa ក្នុងទីផ្សារមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកស្រី ម៉ូនីកា មានកំណត់ត្រាដ៏ល្អនៅក្នុងអាជីពជា​អ្នក​គ្រប់គ្រងប្រតិបត្តិ និងបទពិសោធន៍ជាង ១០ ឆ្នាំនៃការជម្រុញកំណើនបច្ចេកវិទ្យា វិស័យធនាគារ និងធនាគារចល័ត។

មុនពេលចូលធ្វើការជាមួយក្រុមហ៊ុន Visa អ្នកស្រី ម៉ូនីកា ធ្លាប់​បាន​បម្រើការរយៈពេលបីឆ្នាំជាមួយធនាគារ ANZ Royal ជាប្រធានគ្រប់គ្រងផ្នែកកាត និងបណ្តាញទីផ្សារទំនើប។ ជំនាញរបស់អ្នកស្រីលើការអភិវឌ្ឍអាជីវកម្មនៅលើទីផ្សារប្រទេសកម្ពុជាបានចាប់ផ្តើមជាមួយនឹងការអនុវត្តស្លាកសញ្ញា Fujitsu ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីការបង្កើត Mobile Banking ដំបូងគេនៅក្នុងប្រទេសក្នុងឆ្នាំ ២០០៨ ។

អ្នកស្រី ម៉ូនីកា បានចាប់ផ្តើមអាជីព នៅក្នុងវិស័យស្រាវជ្រាវទីផ្សារដោយផ្តោតលើការស្រាវជ្រាវគុណភាពសម្រាប់ទំនិញប្រើប្រាស់រហ័ស (FMCG) ផ្នែកទូរគមនាគមន៍ (Telco) និងការថែទាំសុខភាព។ បន្ទាប់មក អ្នក​ស្រី បានបម្រើការឱ្យក្រុមហ៊ុន តូតាល់កម្ពុជា ជាប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង។