អាមេរិកផ្ដល់ប្រាក់ជាង ២ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតឱសថដ៏ធំ Sanofi និង GSK សម្រាប់អភិវឌ្ឍវ៉ាក់សាំង Covid-19 ខណៈសហភាពអឺរ៉ុបបានចុះកុងត្រានឹងក្រុមហ៊ុនទាំងពីរនេះដែរ
សេដ្ឋកិច្ច August 1, 2020 Chan Sreyny

រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចំណាយថវិកាចំនួន ២.១ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតឱសថដ៏ធំ Sanofi SA និង GlaxoSmithKline Plc (GSK) លើការអភិវឌ្ឍវ៉ាក់សាំង Covid-19 សម្រាប់ប្រជាជនចំនួន ៥០ លាននាក់ ខណៈពេលដែលសហភាពអឺរ៉ុបក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរនេះសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។

យោងតាមការលើកឡើងរបស់ក្រុមហ៊ុនឱសថដ៏ធំរបស់បារាំងនេះ ចំនួនទឹកប្រាក់ដែលអាមេរិកផ្ដល់ឲ្យគឺជាចំនួនច្រើនបំផុតពីគំនិតផ្ដួចផ្ដើមរបស់សេតវិមាន ក្នុងគោលបំណងបង្កើនល្បឿននៃវ៉ាក់សាំង និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ កិច្ចព្រមព្រៀងជាមួយ Sanofi-GSK នេះដែរ គឺសម្រាប់ ១០០ លានដូស ក្នុងអត្រា ២ ដងសម្រាប់មនុស្សម្នាក់ រួមទាំងផ្តល់ជម្រើសដល់រដ្ឋាភិបាលក្នុងការទិញបន្ថែម ៥០០ លានដូសក្នុងតម្លៃដែលមិនបានបញ្ជាក់។ ខណៈ Sanofi និង GSK គ្រោងនឹងចាប់ផ្តើមសាកល្បងការស្រាជ្រាវសម្រាប់វ៉ាក់សាំងនេះនៅខែកញ្ញា។

ទោះជាយ៉ាងណាក្ដីលោក Clement Lewin នាយកប្រតិបត្តិក្រុមហ៊ុន Sanofi បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនទាន់បានព្រមព្រៀងជាមួយរដ្ឋាភិបាលលើតម្លៃជាក់លាក់សម្រាប់ការទិញបន្ថែមនោះទេ។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់សហអាមេរិក ជាមួយក្រុមហ៊ុនទាំងពីរនេះ គឺជាកិច្ចសន្យាទី២ សម្រាប់វ៉ាក់សាំងរបស់បារាំងមួយនេះ បន្ទាប់ពីពួកគេបានព្រមព្រៀងជាមួយសហភាពអ៉រ៉ុបកាលពីដើមសប្តាហ៍នេះ ដើម្បីផ្គត់ផ្គង់ចំនួន ៦០ លានដូសដល់រដ្ឋាភិបាលអង់គ្លេស៕

អត្ថបទ៖ លីនី
ប្រភ​ព៖ channelnewsasia