កូរ៉េខាងត្បូងផ្តល់ថវិកា ៥.១៥ លានដុល្លារសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ រួមមានកម្ពុជាផងដែរ
សេដ្ឋកិច្ច August 1, 2020 Chan Sreyny

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េបានប្រកាសនៅថ្ងៃទី ៣១ ខែកក្កដា ថាខ្លួននឹងផ្តល់ថវិកាចំនួន ៥.១៥ លានដុល្លារសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីគាំទ្រដល់គម្រោងជាច្រើនដូចជា៖ កំណើនសេដ្ឋកិច្ចដែលប្រើប្រាស់ធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ឱ្យកាន់តែប្រសើរឡើង។

ជំនួយនេះនឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធីភាពជាដៃគូធនាគារ Korea-World (KWPF) និងកម្មវិធីភាពជាដៃគូ Korea-IFC (KIPP) ។ តាមរយៈ KWPF រដ្ឋាភិបាលកូរ៉េនឹងជួយ Uganda បង្កើនផលិតភាពកសិកម្មរបស់ខ្លួន តាមរយៈការផ្តល់ចំនេះដឹងលើបច្ចេកវិទ្យាកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ហើយនឹងជួយដល់ប្រទេស Kyrgyzstan ជាមួយគម្រោងឌីជីថលដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំដើម្បីជំរុញសមត្ថភាពឌីជីថលរបស់ប្រទេស។

ទន្ទឹមនឹងនេះ តាមរយៈ KIPP សាធារណរដ្ឋកូរ៉េ (RoK) នឹងជួយដល់វៀតណាម និងកម្ពុជាក្នុងការជម្រុញប្រសិទ្ធភាពក្នុងវិស័យផលិតកម្ម និងកសិកម្មតាមរយៈការផ្តល់ចំនេះដឹងលើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្នុងនោះក៏មានគម្រោងជួយកូឡុំប៊ីផងដែរ ក្នុងការប្រយុទ្ធរឆាំងនឹង Covid-19 ដោយផ្ដល់ដំណោះស្រាយឌីជីថលដែលទាក់ទងនឹងការដាក់ឱ្យនៅដាច់ពីគ្នា និងគាំទ្រ Haiti ក្នុងការផ្លាស់ប្តូរឧស្សាហកម្មវាយនភ័ណ្ឌរបស់ខ្លួន ក្នុងការផលិតឧបករណ៍ការពារផ្ទាល់ខ្លួន។

RoK សង្ឃឹមថា គម្រោងទាំងនេះនឹងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកដល់ RoK ដែលដើរតួនាទីឈានមុខគេក្នុងវិស័យជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយទាក់ទងទៅនឹងបរិស្ថាន ទីក្រុងឆ្លាត និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus