ខណៈមានការកើនឡើងនៃការឆ្លង Covid-19 កាន់តែច្រើន ហ្វីលីពីនគ្រោងនឹងទិញវ៉ាក់សាំងពីប្រទេសចិនចំនួន ៤០ លានដូសដែលមានតម្លៃ ៤០០ លានដុល្លារ សម្រាប់ប្រជាជនចំនួន ២០ លាននាក់ដែលប្រហែល ១/៥ នៃប្រជាជន ១០៧ លាននាក់ក្នុងប្រទេស នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Carlos Dominguez ។
ការកើនឡើងនេះ បានបង្ខំឱ្យប្រធានាធិបតីហ្វីលីពីនពង្រីកការរឹតបណ្តឹងនៅក្នុងរដ្ឋធានី Manila រហូតដល់ពាក់កណ្តាលខែសីហា ហើយបាននិយាយថាប្រទេសនេះនឹងផ្តល់អាទិភាពដល់ប្រទេសចិនប្រសិនបើមានការផ្គត់ផ្គង់វ៉ាក់សាំង។ ប្រធានាធិបតីហ្វីលីពីនបានសន្យាថា នឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃប្រសិនបើពួកគេអាចរកបាននៅចុងឆ្នាំនេះ ដោយផ្តល់អាទិភាពដល់ប្រជាជនក្រីក្រដំបូងគេ បន្ទាប់មកប្រជាជនដែលមានចំណូលមធ្យម ប៉ូលីស និងបុគ្គលិកយោធា។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Carlos Dominguez បាននិយាយថា « នៅពេលដែលវ៉ាក់សាំងនេះអាចប្រើបាន ខ្ញុំប្រាកដថាយើងអាចបើកទីក្រុងឡើងវិញបានទាំងស្រុង » ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឱសថមួយចំនួនមកពីប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងធ្វើការសាកល្បងដំណាក់កាលចុងក្រោយលើការចាក់វ៉ាក់សាំង។ ហ្វីលីពីនមានចំនួនអ្នកឆ្លង Covid-19 នេះខ្ពស់បំផុតទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដោយមានករណីលោតឡើងជិត ៥ ដងដល់ទៅ ៨៩,៣៧៤ នាក់ និងស្លាប់ ១,៩៨៣ នាក់ចាប់តាំងពីការទប់ស្កាត់ដ៏តឹងតែងត្រូវបានបន្ធូរបន្ថយកាលពីខែមិថុនា៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


