ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃទី ៣១ ខែកក្កដា បានពង្រីកការរឹតបណ្តឹងនៃ Covid-19 នៅក្នុងរដ្ឋធានី Manila រហូតដល់ពាក់កណ្តាលខែសីហា ហើយបាននិយាយថា ប្រទេសនេះនឹងផ្តល់អាទិភាពដល់ប្រទេសចិនប្រសិនបើមានការផ្គត់ផ្គង់វ៉ាក់សាំង។
នៅក្នុងខែកក្កដានេះ ហ្វីលីពីនបានកត់ម្គាល់ឃើញថា មានការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 ដ៏ច្រើនបំផុត និងករណីនៃអ្នកដែលបានស្លាប់ក៏មានការកើនឡើងច្រើនផងដែរត្រឹមរយៈពេល ១ ថ្ងៃ។ នៅតាមតំបន់ និងរដ្ឋធានីខេត្តនៅភាគខាងត្បូង និងទីក្រុងនៅភាគកណ្តាលប្រទេសហ្វីលីពីនត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកនៅក្នុងសហគមន៍ ដោយបានកំណត់កាធ្វើដំណើររបស់មនុស្សចាស់ និងកុមារដែលងាយនឹងឆ្លងជំងឺ និងរឹតបណ្តឹងក្នុងការបើកអាជីវកម្ម។

គួរបញ្ជាក់ផងដែថា ហ្វីលីពីនមានចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះខ្ពស់បំផុតទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដោយមានករណីឆ្លងដល់ទៅ ៨៩,៣៧៤ នាក់ និងស្លាប់ ១,៩៨៣ នៅពេលដែលការទប់ស្កាត់ដ៏តឹងតែងត្រូវបានបន្ធូរបន្ថយកាលពីខែមិថុនា៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


