ធនាគារពិភពលោកជួយវៀតណាមទប់ទល់នឹងវីរុស Covid-19 ដែលកំពុងផ្ទុះឡើងជាថ្មី ក្រោមជំនួយឥតសំណងជាង ៦ លានដុល្លារអាមេរិក
សេដ្ឋកិច្ច July 31, 2020 Chan Sreyny

ធនាគារពិភពលោកនិងធនាគាររដ្ឋវៀតណាមនាថ្ងៃទី ៣០ ខែកក្កដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណងចំនួន ៦.២ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពតាមដាន និងតេស្តវីរុស Covid-19 សមត្ថភាពស្រាវជ្រាវសម្រាប់វ៉ាក់សាំងការពារ និងឧបករណ៍ធ្វើតេស្តិ៍ និងការទំនាក់ទំនងអំពីការរាតត្បាត។

លោក Stefanie Stallmeister នាយកស្តីទីប្រចាំធនាគារពិភពលោកប្រចាំនៅប្រទេសវៀតណាមមានប្រសាសន៍ថា ស្ថានភាពនៃការរាតត្បាតនៃវីរុស Covid-19 នៅក្នុងប្រទេសវៀតណាមកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប្រតិបត្តិការបន្ទាន់នេះនឹងមិនត្រឹមតែគាំទ្រដល់រដ្ឋាភិបាលក្នុងការឃ្លាំមើល និងឆ្លើយតបភ្លាមៗទៅនឹងវីរុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការកសាងប្រព័ន្ធសុខភាពដែលអាចទ្រទ្រង់បាននាពេលអនាគតផងដែរ។

លើសពីនេះទៅទៀតគម្រោងនេះនឹងពង្រឹងសមត្ថភាពនៃប្រព័ន្ធមន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត (NIHE) និងប្រព័ន្ធមន្ទីរពិសោធន៍ផ្សេងៗទៀតនៅទូទាំងប្រទេស ដោយជួយបង្កើនសមត្ថភាព វាយតម្លៃភាពស៊ាំរបស់សហគមន៍ទៅនឹងវីរុស Covid-19។ ហើយជំនួយនេះក៏នឹងផ្តល់ថវិកាដល់ការផ្គត់ផ្គង់ឧបករណ៍ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងជីវសាស្រ្ត (POLYVAC) សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងថ្មី និងការធ្វើរោគវិនិច្ឆ័យរហ័ស។

គម្រោងនេះត្រូវបានគេរំពឹងថានឹងគាំទ្រមន្ទីរពិសោធន៍ចំនួន ២០០ ដែលពាក់ព័ន្ធនឹងការឃ្លាំមើល និងការធ្វើតេស្ត៍ពិនិត្យតាមដាន និងពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យ រួទាំងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺនៅទូទាំងប្រទេស និងខេត្ត។ គាំទ្រដល់ក្រុមហ៊ុន NIHE និង POLYVAC ដែលជាស្ថាប័នស្រាវជ្រាវ និងផលិតសុខភាពសាធារណៈនិងវ៉ាក់សាំងឈានមុខគេរបស់ប្រទេសវៀតណាម ដោយនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់សមត្ថភាពរបស់ប្រទេសក្នុងការស្វែងរក និងឆ្លើយតបទៅនឹងវីរុសនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus