ក្រៅពីប្រទេសចិន កម្ពុជាកំពុងចរចារពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៨ ផ្សេងទៀតដើម្បីពង្រឹងទំហំពាណិជ្ជកម្ម និងបង្កើនការនាំចេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ។ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជាមិនមែនគ្រាន់តែមានមហិច្ឆតា ចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិនប៉ុណ្ណោះទេ តែប្រទេសកម្ពុជាកំពុង និងបើកកិច្ចចរចារជាមួយប្រទេសទាំង៨ទៀត រួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូស្រ្តាលី ញូវហ្សាលែន អាមេរិក កាណាដា និងអង់គ្លេស ។ ដោយឡែក ប្រទេសជប៉ុន អាមេរិក និងអង់គ្លេសគឺជាប្រទេសមានទីផ្សារនិងមានសក្តានុពលធំ ដែលកម្ពុជាសំឡឹងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ។
ឯកឧត្តមបន្តថា កម្ពុជាកំពុងព្យាយាមបញ្ចប់ការចរចាជាមួយនឹងកូរ៉េខាងត្បូង ក្នុងក្របខ័ណ្ឌបច្ចេកទេសនៅចុងឆ្នាំ២០២០ នេះ ហើយគ្រោងនឹងឈានដល់ការចុះកិច្ចព្រមព្រៀងនៅដើមឆ្នាំ២០២១ បើគ្មានអ្វីប្រែប្រួលនោះទេ ។ ខណៈការចរចាកិច្ចព្រៀមពាណិជ្ជកម្មសេរីនេះ ដោយសារតែរាជរដ្ឋាភិបាលមើលឃើញពីផលប្រយោជន៍រៀងៗខ្លួន យើងនាំទៅគេទទួលបានផលចំណេញ ហើយគេមកវិនិយោគ ឬ ការនាំចេញមកកាន់កម្ពុជាយើងវិញ ក៏មានផលចំណេញ ពោល គឺបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក នៅក្នុងចំណុចខ្វះខាតណាមួយ។

ជាមួយគ្នានេះឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវា ដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នានិងគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអះអាងថា ការចរចាបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺមិនងាយស្រួលឡើយ ពីព្រោះត្រូវជជែកលើបញ្ហាជាច្រើន ហើយត្រូវបានប្រើប្រាស់ពេលវេលាយូរទៀត។

សូមបញ្ជាក់ថា កាលពីថ្មីៗរាជរដ្ឋាភិបាលកម្ពុជា ចិនបានចុះព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រទេសកម្ពុជា ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅកាន់ប្រទេសចិន ដោយមិនប្រកាន់ម្ចាស់ផលិតផល តូចឬធំ ដែលមានដូចជា ផលិតផលកសិកម្ម និងផលិតផលសម្រេចផ្សេងៗជាច្រើនមុខទៀតទៅទីផ្សារចិន។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថា ការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% ហើយកំណើនវិនិយោគពីបរទេសផ្សេងៗទៀតក៏នឹងកើនឡើងខ្លាំងផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន


