រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសអំពី ការពង្រីកគោលដៅសម្រាប់ការផ្អាកសងប្រាក់កម្ចីធនាគារ សម្រាប់អ្នកដែលបាត់បង់ការងារ ឬអ្នកដែលបានកាត់បន្ថយប្រាក់ខែនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។
នាយករដ្ឋមន្រ្តី Tan Sri Muhyiddin Yassin បាននិយាយនៅថ្ងៃទី ២៩ ថាបុគ្គលដែលបានបាត់បង់ការងាររបស់ពួកគេនៅឆ្នាំ ២០២០ ហើយនៅតែមិនទាន់ទទួលបានការងារថ្មីអាចរីករាយនឹងការពន្យាពេលក្នុងការសង់ប្រាក់កម្ចីរយៈពេល ៣ ខែ ។ លោកបានបន្តថា បន្ទាប់ពី ៣ ខែ រយៈពេលនៃការពន្យាពេលនេះអាចត្រូវបានបន្តដោយធនាគារ អាស្រ័យលើស្ថានភាពរបស់បុគ្គល។ សម្រាប់បុគ្គលដែលមានការងារធ្វើ ប៉ុន្តែត្រូវបានកាត់បន្ថយប្រាក់ខែការបង់ប្រាក់កម្ចីប្រចាំខែរបស់ពួកគេ នឹងថយចុះជាបណ្តើរៗដែលស្មើនឹងប្រាក់ខែដែលបានកាត់។

ទន្ទឹមនឹងនេះ លោក Muhyiddin ក៏បាននិយាយផងដែរថា ធនាគារបានផ្តល់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងទម្រង់ជាវិធានការណ៍ជាច្រើន ដើម្បីជួយដល់អ្នកខ្ចីប្រាក់ដោយមិនគិតថាពួកគេជាបុគ្គល ឬសហគ្រាសធុនតូច និងមធ្យម។ លោកបន្ថែមថា វិធានការទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់បុគ្គល និងសហគ្រាសធុនតូច និងមធ្យមដល់ទៅ ៣ លាននាក់។ វិធានការណ៍នេះរាប់បញ្ចូលតែការប្រាក់សម្រាប់រយៈពេលកំណត់ណាមួយ ដើម្បីកាត់បន្ថយការសងជារៀងរាល់ខែរហូតដល់អ្នកខ្ចីមានស្ថេរភាពផ្នែកហិរញ្ញវត្ថុឡើងវិញ។
ការផ្អាកប្រាក់កម្ចី គឺជាលក្ខណៈពិសេសមួយពីកញ្ចប់ជំនួយសង្គ្រោះដំបូងក្នុងអំឡុងពេលមានជំងឺរាតត្បាត ដោយរដ្ឋាភិបាលមើលឃើញថា សកម្មភាពអាជីវកម្ម និងអ្នកប្រើប្រាស់ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នលើកលែងតែសេវាកម្មចាំបាច់។ គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ម៉ាឡេស៊ីបានអនុវត្តការផ្អាកសងប្រាក់កម្ចី ដែលជាប្រទេសដំបូងគេដែលបានដាក់បម្រាមរយៈពេល ៦ ខែ។ ការផ្អាករយៈពេល ៦ ខែដែលត្រូវបានប្រកាសដោយ Muhyiddin នៅចុងខែមីនា នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា។ រយៈពេលផ្អាកគឺជារយៈពេលដែលអ្នកខ្ចីមិនមានកាតព្វកិច្ចសងបំណុលប្រចាំខែដល់ធនាគារ៕

អត្ថបទ៖ នីតា
ប្រភព៖ thestar


