ក្រុមហ៊ុនផលិតឧបករណ៌បម្រើឲ្យវិស័យទឹកស្អាតពីប្រទេសចិន ប្រកាសថានឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅកម្ពុជា
សេដ្ឋកិច្ច July 29, 2020 Chan Sreyny

លោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd និងលោក Peng Ting Gang ប្រធានក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd ដែលជាក្រុមហ៊ុនដែលផលិត និង​នាំចូលនូវឧបករណ៌បម្រើឲ្យវិស័យទឹកស្អាត តម្លើងនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតបច្ចេកវិទ្យាថ្មី UF Membrane និងចែកចាយ នៅទីផ្សារកម្ពុជាពីប្រទេសចិនបានប្រកាសថា នឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅកម្ពុជាតែម្ដង។

ប្រធានក្រុមហ៊ុនទាំងពីរបានលើកឡើងដូច្នេះនៅក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ។ ក្រៅពីគោលបំណងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅកម្ពុជា ក្រុមហ៊ុនទាំងពីរខាងលើកក៏មានបំណងបង្កើតមជ្ឈមណ្ឌលមន្ទីរពិសោធន៌ឧបករណ៌ផលិតទឹកស្អាតនៅកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីគោលនយោបាយទឹកស្អាតរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ហើយលើកទឹកចិត្តជានិច្ចរាល់គម្រោងវិនិយោគលើវិស័យទឹកស្អាតសម្រាប់ជាផលប្រយោជន៌ដល់ការបម្រើជីវភាពប្រជាពលទូទៅ។ ហើយសង្ឃឹមថាក្រោមគម្រោងនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន កម្ពុជា នឹងទទួលបានបន្ថែមទៀត ទាំងការវិនិយោគ និងឥណទានសម្រាប់ការអភិវឌ្ឍន៌លើវិស័យទឹកស្អាត ។ ដោយឡែកទាក់ទងនិងគំនិតផ្តួចផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលពិសោធន៌ឧបករណ៌ផលិតទឹកស្អាតគឺជាគំនិតស្របគ្នាជាមួយនិង ឯកឧត្តមដែរ ដែលបានគិតគូមិនត្រឹមតែមន្ទីរពិសោធន៌ធ្វើតេស្តទេ តែត្រូវមានមជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញទឹកស្អាតថែមទៀត ដែលយើងត្រូវរួមសហការគ្នា។

យ៉ាងណាមិញដើម្បីជាការលើកទឹកចិត្តនៅចុងសប្តាហ៌នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឯកភាពតាមការស្នើសុំ ដោយនឹងដឹកនាំប្រតិភូក្រសួងអញ្ជើញចុះពិនិត្យដល់ទីតាំងក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd ដែលមានជំនាញតម្លើងឧបករណ៌ផលិតទឹកស្អាត មានទីតាំងនៅខេត្តកំពង់ស្ពឺ។

សូមជម្រាបផងដែរថា ក្រុមហ៊ុនទាំងពីររបស់ចិននេះ ចូលរួមវិនិយោគការអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ដោយក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd គឺជាអ្នកនាំចូលមកតម្លើងនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតបច្ចេកវិទ្យាថ្មី UF Membrane ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ លើការងារតម្លើងឧបករណ៌ផលិតទឹកស្អាតសម្រាប់លក់ដុំបន្ត។ ចំណែកក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd គឺ ជាក្រុមហ៊ុនដ៏ជំនាញមួយរបស់ចិន ដែលនាំចូលនូវឧបករណ៌បម្រើឲ្យវិស័យទឹកស្អាតមកតម្លើងចែកចាយ នៅទីផ្សារកម្ពុជា៕

អត្ថបទ៖ លីនី