សេដ្ឋកិច្ចអង់គ្លេស អាចចំណាយពេលរហូតដល់ឆ្នាំ២០២៤ ដើម្បីវិលត្រឡប់ទៅរកសភាពដូចដើមវិញមុនពេលផ្ទុះជំងឺ​ Covid-19
សេដ្ឋកិច្ច July 28, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស អាចចំណាយពេលរហូតដល់ឆ្នាំ ២០២៤ ដើម្បីវិលត្រឡប់ទៅរកសភាពមុនពេលដែលការចាក់សោរប្រទេសដោយសារជំងឺ Covid-19 ។ អ្នកព្យាករណ៍សេដ្ឋកិច្ចបានលើកឡើងថា ភាពអត់ការងារធ្វើនឹងកើនឡើងដល់ ៩% ពី ៣.៩% ។

ពួកគេក៏ប៉ាន់ស្មានថាសេដ្ឋកិច្ចនឹងធ្លាក់ចុះ ១១.៥% នៅឆ្នាំនេះដែលអាក្រក់ជាង ៨% ដែលពួកគេបានព្យាករណ៍កាលពីមួយខែមុន។ ដោយអតិថិជនជាច្រើនបាននិយាយថា ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ជាងការរំពឹងទុក ខណៈការវិនិយោគអាជីវកម្មទាបដែលនឹងធ្វើឱ្យកំណើនធ្លាក់ចុះ។ ជាលទ្ធផលឥឡូវនេះពួកគេរំពឹងថា ការស្តារសេដ្ឋកិច្ចក្រោយការឆ្លងនៃជំងឺនេះ នឹងមានរយៈពេល ១៨ ខែដែលមានរយៈពេលយូរជាងការព្យាករណ៍កាលពីមុន។

លោក Mark Gregory ប្រធានសេដ្ឋវិទូអង់គ្លេសប្រចាំក្រុមហ៊ុន EY បានមានប្រសាសន៍ថា « មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេបើគ្មានទិន្នន័យច្បាស់លាស់ និងទស្សនៈទូលំទូលាយស្តីពីការអនុវត្ត និងទស្សនវិស័យសម្រាប់សេដ្ឋកិច្ចអង់គ្លេសបានលេចចេញមក »។ កាលពីសប្តាហ៍មុនប្រធានសេដ្ឋវិទូរបស់ធនាគារអង់គ្លេសលោក Andy Haldane បានប្រាប់សមាជិកសភាថា សេដ្ឋកិច្ចអង់គ្លេសបានថយចុះ ប្រហែលពាក់កណ្តាលនៃការធ្លាក់ចុះនៃទិន្នផលដែលខ្លួនបានឃើញ ក្នុងកំឡុងដែលមានការបិទប្រទេសដោយសារ Covid-19 ក្នុងខែមីនា និងមេសា។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានកាត់បន្ថយពន្ធ ដើម្បីគាំទ្រដល់ប្រាក់ឈ្នួល និងផ្តល់ការលើកទឹកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការទៅមុខ និងលើកទឹកចិត្តអតិថិជនឱ្យមានការចំណាយថវិកាឡើងវិញ។ កាលពីដើមខែ កក្កដា អធិការបតី Rishi Sunak បានកាត់បន្ថយពន្ធអាករលើបដិសណ្ឋារកិច្ច ហើយបានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនចំនួន ១,២៨៧ ដុល្លារសម្រាប់ការរក្សាបុគ្គលិកគ្រប់រូបដែលបានធ្វើការក្នុងរយៈពេល ៣ ខែ។ ប៉ុន្តែលោកក៏បានសារភាពថា មិនមែនរាល់ការងារទាំងអស់នឹងត្រូវបានរក្សាទុកនោះទេ ហើយកញ្ចប់ប្រាក់ ៣៨ ពាន់ដុល្លាររបស់លោកត្រូវបានគេរិះគន់ថា បានជួយដល់វិស័យមួយចំនួនដូចជា៖ ភោជនីយដ្ឋាន និងទេសចរណ៍ប៉ុន្តែមិនអើពើនឹងការងារដទៃទៀត។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ធនាគារអង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ចូលទឹកប្រាក់ ១២៨ ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចអង់គ្លេស ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃជំងឺរាតត្បាតដែលមិនធ្លាប់មានពីមុនមក៕

អត្ថបទ៖ នីតា
ប្រភព៖ bbc