ប្រទេសវៀតណាមបានផ្អាកជើងហោះហើរទាំងអស់ទាំងទៅ និងមកពី Danang រយៈពេល ១៥ ថ្ងៃបន្ទាប់ពីមានករណីឆ្លងជំងឺ Covid-19 យ៉ាងហោចណាស់ ១៤ ករណីត្រូវបានរកឃើញនៅក្នុងទីក្រុង នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ២៨ ខែកក្កដា។
វៀតណាមបានប្រកាសអាសន្នជាថ្មី បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ពីការឆ្លងជំងឺរាតត្បាតនៅក្នុងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី ២៥ ខែកក្កដា ចាប់តាំងពីខែមេសា និង ៣ ករណីទៀតនៅថ្ងៃទី ២៦ នៅក្នុងតំបន់ និងនៅជុំវិញទីក្រុង Danang ។ មានករណីចំនួន ១១ បន្ថែមទៀតនៅមន្ទីរពេទ្យ Danang ត្រូវបានគេរាយការណ៍នៅល្ងាចថ្ងៃទី ២៧ ។ សេចក្តីថ្លែងការណ៍បាននិយាយថា រាល់សេវាកម្មរថយន្តក្រុង និងរថភ្លើងទៅ និងមកពី Danang ក៏ត្រូវបានផ្អាកផងដែរ ចាប់ពីថ្ងៃទី ២៩ នេះ។ ទីក្រុងដែលជាសរសៃឈាមនៃវិស័យទេសចរណ៍មួយនេះ បានបង្កើតវិធានការណ៍ផ្លាស់ប្តូរផ្នែកសង្គមកាលពីចុងសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាក់ពីករណីឆ្លងជំងឺនេះដំបូងនៅក្នុងសហគមន៍។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលរបស់វៀតណាមបាននិយាយថា ២ ករណីដែលបានរកឃើញនៅ Danang គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៧ រដ្ឋាភិបាលបាននិយាយថា ខ្លួនបានស្នើសុំអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើនចំនួនជើងហោះហើរពី Danang ដល់ទីក្រុងចំនួន ១១ របស់វៀតណាមដើម្បីជួយជម្លៀសប្រជាជន ៨០,០០០ នាក់ដែលភាគច្រើនជាភ្ញៀវទេសចរ។

គួរបញ្ជាក់ផងដែរថា វៀតណាមត្រូវបានបិទចំពោះទេសចរណ៍បរទេស ប៉ុន្តែមានការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុក ខណៈមានការបញ្ចុះតម្លៃលើជើងហោះហើរ និងកញ្ចប់វិស្សមកាលទៅកាន់រមណីយដ្ឋានក្នុងស្រុក៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


