សមាគមនាំចេញអង្ករថៃបានឲ្យដឹងថា ប្រទេសចិនអាចក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់ប្រទេសថៃសម្រាប់ការនាំចេញអង្ករនាពេលអនាគត ខណៈសមាគមនេះបានកំពុងឃ្លាំមើលយ៉ាងជិតស្និតនូវការនាំចេញអង្កររបស់ប្រទេសចិនដែលបានពង្រីកចំនួនបរិមាណក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ នេះបើយោងតាមការលើកឡើងលោក Chookiat Ophaswongse ប្រធានកិត្តិយសរបស់សមាគម។
គួរម្លេឹកផងដែរថា កាលពីឆ្នាំមុនប្រទេសចិនបាននាំចេញអង្ករចំនួន ២.៧ លានតោនដែលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣.២ លានតោននៅឆ្នាំនេះ។ ជាមួយគ្នានេះលោក Chookiat បានបន្ថែមថា ការនាំចេញអង្ករចំនួន ២.៧ លានតោនដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចន្លោះពី ៥ លានទៅ ៦ លានតោននៅប៉ុន្មានឆ្នាំខាងមុខដោយសារពូជស្រូវនិងទិន្នផលខ្ពស់។

យ៉ាងណាមិញក្រៅពីប្រទេចិន ប្រទេសមីយ៉ាន់ម៉ាក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងនាមជាអ្នកនាំចេញអង្ករដ៏សំខាន់ផងដែរ ខណៈមីយ៉ាន់ម៉ាបាននាំចេញ ២ លានតោនរួចហើយនៅឆ្នាំនេះ ហើយរំពឹងថានឹងកើនឡើងដល់ ៣ លានតោននៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះដៃគូប្រកួតប្រជែងរបស់ប្រទេសថៃ បានចំណាយខ្ពស់ជាងប្រទេសថៃទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍស្រូវ ដើម្បីបង្កើនគុណភាព និងធ្វើឱ្យអង្កររបស់ពួកគេសមនឹងតម្រូវការទីផ្សារ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះសមាគមបានកែសំរួលការព្យាកររបស់ខ្លួនចំពោះការនាំចេញអង្កររបស់ថៃនៅឆ្នាំនេះពី ៧,៥ លានតោនទៅ ៦,៥ លានតោន។ ហើយយោងតាមសមាគមបានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃនៅឆមាសទីមួយនៃឆ្នាំនេះបានធ្លាក់ចុះ ៣២% ស្មើនឹង ៣.១៤ លានតោនគិតជាទឹកប្រាក់ស្មើនឹង ២.២ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand



