ស្ថានទូតអាមេរិក បានបញ្ជូនម៉ាស់ការពាររាប់ពាន់ម៉ាស់ទៅខេត្តឈៀងរ៉ៃប្រទេសថៃ បើទោះបីជាប្រទេសនេះមិនមានករណីឆ្លងជំងឺ Covid-19 ថ្មីរយៈពេលជាង ២ ខែក៏ដោយ។ អ្នកតំណាងស្ថានទូតអាមេរិកបានប្រគល់ម៉ាស់ ដែលមានតម្លៃប្រហែល ១៤,៥០២ ដុល្លារដល់អាជ្ញាធរនៅឈៀងរ៉ៃនៅសប្តាហ៍នេះ។
អគ្គកុងស៊ុលកិត្តិយសប្រចាំតំបន់របស់សហរដ្ឋអាមេរិកលោក Sean O’Neil មានប្រសាសន៍ថា សហរដ្ឋអាមេរិកចង់ជួយផ្តល់ការការពារដល់ប្រជាជនដែលរស់នៅតំបន់ភ្នំដាច់ស្រយាល។ លោកបានបន្ថែមថា « យើងមានកិត្តិយសណាស់ដែលអាជ្ញាធរថៃទុកចិត្តលើយើង ក្នុងការឱ្យជួយផ្តល់នូវឧបករណ៍ការពារនេះ យើងជឿជាក់ថាម៉ាស់ការពារនឹងមានប្រយោជន៍សម្រាប់ពលរដ្ឋក្រីក្រក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ហើយសង្ឃឹមថានឹងជួយពួកគេឱ្យមានសុវត្ថិភាពពីជំងឺនេះ »។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃដែលបានចាប់ផ្តើមចាត់វិធានការទប់ស្កាត់ និងចាក់សោយ៉ាងតឹងរ៉ឹងកាលពីខែមីនា ដោយមិនបានកត់ត្រាការចម្លងជំងឺក្នុងតំបន់ក្នុងរយៈពេលជាង ៦០ ថ្ងៃមកហើយ។ ផ្ទុយមកវិញសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៤.៣ លាននាក់ និងស្លាប់ចំនួន ១៤៩,៣៩៨ នាក់គិតមកទល់សព្វថ្ងៃ ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ thethaiger


