វ៉ាក់សាំងដំបូងបង្អស់ប្រឆាំងនឹងវីរុស Covid-19 ត្រូវបានគេរំពឹងថានឹងមានសម្រាប់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១ ហើយនៅក្នុងប្រទេសថៃក្នុងតម្លៃត្រឹមតែ ៦២០ បាត ( ជាង ១៩ ដុល្លារ) ក្នុងមួយដូស នេះបើយោងតាមការបញ្ជាក់ពីអង្គលេខាធិការនៃគណៈកម្មាធិការវ៉ាក់សាំងជាតិកាលពីម្សិលមិញនេះ។
លោកវេជ្ជបណ្ឌិត Siriroek Songsivilai បានមានប្រសាសន៍ថា វ៉ាក់សាំងតម្លៃ ៦២០បាតនេះ គឺសម្រាប់វ៉ាក់សាំងចំនួន ១០០ លានដូសស្មើនឹងតម្លៃសរុបប្រហែល ២ ពាន់លានដុល្លារអាមេរិក ដែលបញ្ជាទិញដោយរដ្ឋភិបាលអាមេរិកពីក្រុមហ៊ុនផលិតថ្នាំ Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ងដែលរួមគ្នាបង្កើតវ៉ាក់សាំងនេះ។

វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ប្រទេសថៃកំពុងប្រើវិធីសាស្ត្រចំនួន ៣ គឺ ការអភិវឌ្ឍវ៉ាក់សាំងផ្ទាល់របស់ខ្លួន ការអភិវឌ្ឍវ៉ាក់សាំងតារយៈការផ្ទេរបច្ចេកវិទ្យា និងការទិញវ៉ាក់សាំងពីបរទេស។ ទន្ទឹមនឹងនេះលោកបានបង្ហាញថា មានដំណឹងល្អកាលពីសប្តាហ៍មុន អំពីលទ្ធផលនៃការសាកល្បងដំបូងលើមនុស្សក្នុងដំណាក់កាលដំបូង និងដំណាក់កាលទីពីរនៃការធ្វើតេស្ត ជាពិសេសអំពីវ៉ាក់សាំងដំបូងដែលបង្កើតដោយសាកលវិទ្យាល័យ Oxford ដោយសហការជាមួយក្រុមហ៊ុន AstraZeneca ដែលមានមូលដ្ឋាននៅ Cambridge និងវ៉ាក់សាំងចិន។

យ៉ាងណាមិញ បច្ចុប្បន្ននេះមានវ៉ាក់សាំងចំនួន ៣០ ប្រភេទដែលត្រូវបានសាកល្បងលើមនុស្ស ហើយអ្នកវិទ្យាសាស្ត្រមានសុទិដ្ឋិនិយមថា ពួកគេនឹងមានវ៉ាក់សាំងដែលអាចប្រឆាំងនឹងវីរុសនេះនៅពេលឆាប់ៗនេះ។ ហើយប្រសិនបើវ៉ាក់សាំងទទួលបានជោគជ័យត្រូវបានបង្កើតឡើងសម្រាប់ Covid-19 វានឹងក្លាយជាវ៉ាក់សាំងដំបូងបង្អស់ដែលមិនធ្លាប់មានដែលត្រូវបានបង្កើតសម្រាប់ការពារវីរុសនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger


