ក្រសួងកសិកម្ម រៀបចំតូបលក់បន្លែសុវត្ថិភាពក្នុងខេត្តបាត់ដំបង ដើម្បីជួយដល់បណ្តុំកសិករទទួលបានប្រាក់ចំណូលល្អប្រសើរជាងមុន
សេដ្ឋកិច្ច July 25, 2020 Chan Sreyny

ដោយយោងតាមការណែនាំ របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទក្នុងការជម្រុញកសិករផលិតស្បៀងអាហារ សម្រាប់បំពេញសេចក្ដីត្រូវការក្នុងស្រុក និងជួយដោះស្រាយបញ្ហាទីផ្សារកសិករលក់ផលតផលកសិកម្ម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួយរៀបចំតូបលក់បន្លែសុវត្ថិភាពដែលមានឈ្មោះថា តូបលក់ផលិតផលកសិកម្មសុវត្ថិភាពទួលតាឌុក ដែលបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃនោះតទៅតែម្ដង។

ជាមួយគ្នានេះយោងតាមការចុះផ្សាយពីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ការរៀបចំតូបលក់បន្លែសុវត្ថិភាពនេះគឺ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងលក់នូវផលិតផលបន្លែសុវត្ថិភាព របស់បណ្តុំកសិករអាជីវកម្មបន្លែដែលស្ថិតនៅភូមិពពាលខែ ឃុំអូរតាគី​ ស្រុកថ្មគោល​ ដែលបានដាំដុះក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺCOVID-19៕

អត្ថបទ៖ លីនី