ឥណ្ឌូនេស៊ី ដំណើការរោងចក្រផលិតឥន្ធនៈចម្រាញ់ពីកាកសំណល់សម្រាមជាលើកដំបូងរបស់ខ្លួន
សេដ្ឋកិច្ច July 24, 2020 Chan Sreyny

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីបានសម្ពោធរោងចក្រដំបូងរបស់ខ្លួន ដើម្បីផលិតឥន្ធនៈដែលចម្រាញ់មកពីកាកសំណល់សម្រាម (RDF) នៅតំបន់ Cilacap​ នៃខេត្ត Central Java ។

រោងចក្រនេះត្រូវបានសាងសង់ក្នុងតម្លៃ ៦.២៩ លានដុល្លារ ដោយក្រសួងសាធារណការ និងលំនៅដ្ឋានរបស់ឥណ្ឌូនេស៊ី (PUPR) ក្រសួងបរិស្ថាន និងព្រៃឈើ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដាណឺម៉ាក រដ្ឋបាល Central Java និង Cilacap និងក្រុមហ៊ុនផលិតសម្ភារៈសាងសង់ PT Solusi Bangun Indonesia ។ ដោយរោងចក្រនេះអាចផលិត RDF បានចំនួន ៥០ តោន ពីកាកសំណល់ ១២០ តោនជារៀងរាល់ថ្ងៃ ​​​​ហើយប្រេងឥន្ធនៈនឹងត្រូវប្រើជំនួសធ្យូងថ្មនៅក្នុងរោងចក្រស៊ីម៉ងត៍។

ថ្លែងនៅក្នុងពិធីសម្ពោធនេះ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូនេស៊ីលោក Luhut B. Pandjaitan បានគូសបញ្ជាក់ថារោងចក្រ RDF ក៏ជាគម្រោងសាកល្បងមួយសម្រាប់កែលំអ ក្នុងការគ្រប់គ្រងសម្រាមនៅឥណ្ឌូនេស៊ីដែលជាបញ្ហាដ៏ស្មុគស្មាញ។ លោកបានបញ្ជាក់ថា ប្រទេសនេះត្រូវការរបត់មួយក្នុងការគ្រប់គ្រងកាកសំណល់ ដើម្បីកាត់បន្ថយការបោះចោលសម្រាមនៅក្នុងទីក្រុង ឬបទប្បញ្ញត្តិនានាដែលបានកំណត់នៅតាមទីតាំងបោះចោលសម្រាម ដែលវាជាបញ្ហាយូរមកហើយទាំងនៅផ្នែកបរិស្ថាន និងផ្នែកសង្គម។

បច្ចុប្បន្ននេះ​​ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំផែនការសក្តានុពល និងបង្កើតច្បាប់បច្ចេកទេស ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់សក្តានុពលនៃ RDF ជាជម្រើសមួយសម្រាប់ការគ្រប់គ្រងសំរាមនៅក្នុងតំបន់ផ្សេងៗក្នុងប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងកំណត់គោលដៅ ដើម្បីដំណើរការរោងចក្រឥន្ធនៈចំនួន ១២ កន្លែងទៀត ដែលរំពឹងថានឹងអាចផលិតថាមពលបាន ២៣៤ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ លើពិភពលោក ហើយក៏ជាប្រទេសមានកាកសំណល់ច្រើនផងដែរ និងជាអ្នកចូលរួមចំណែកដ៏ធំទី២ នៃការបំពុលបរិស្ថានដោយប្លាស្ទិចនៅអាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការសិក្សានៅឆ្នាំ ២០១៥ ៕

អត្ថបទ​៖ នីតា
ប្រភព៖ vietnamplus