ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏ក្រុមអ្នកផលិតខ្សែភាពយន្តអន្តរជាតិនៅតែចង់ថតនៅក្នុងប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវថវិកាចំនួន ១៧ ពាន់លានបាត (ជាង ៥៣ លានដុល្លារ) សម្រាប់បញ្ចូលទៅក្នុងសេដ្ឋកិច្ច។
លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបានមានប្រសាសន៍ថា ការមកដល់របស់ក្រុមអ្នកផលិតខ្សែភាពយន្ត និងក្រុមចំនួន ៣ ផ្សេងទៀត នៅក្នុងខែសីហា នឹងក្លាយជាការធ្វើតេស្តសាកល្បងមួយសម្រាប់ប្រទេសនេះ មុនពេលដែលភ្ញៀវទេសចរណ៍ដែលមកកម្សាន្តត្រូវបានបើកទ្វារស្វាគមន៍ម្តងទៀតនៅក្នុងខែកញ្ញា។ លោកបានបន្តថា « ការសម្រេចបើកច្រកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនឹងអាស្រ័យលើស្ថានភាព បន្ទាប់ពីប្រទេសនេះបានទទួលស្វាគមន៍ក្រុមជនបរទេសចំនួន ៤ ក្រុមដំបូងនៅក្នុងខែសីហា »។

កាលពីថ្ងៃពុធ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យជនបរទេសរួមទាំងនាវិកខ្សែភាពយន្ត ភ្ញៀវទេសចរសុខភាព សមាជិកក្រុមអ្នកកាន់ប័ណ្ណឥស្សរជនថៃ និងអ្នកធុរកិច្ច ដោយគណៈរដ្ឋមន្រ្តីត្រូវតែអនុម័តលើវិធានការនេះនៅសប្តាហ៍ក្រោយ។ ពួកគេទាំងអស់ត្រូវឆ្លងកាត់នីតិវិធីពិនិត្យជាច្រើនដូចជា៖ ការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃនៅក្នុងកន្លែងស្នាក់នៅដាច់ដោយឡែករបស់រដ្ឋ (ASQ) និងការធ្វើតេស្ត Covid-19 ។

ទន្ទឹមនឹងនេះ លោក Phiphat បានបន្ថែមថា ផលិតកម្មភាពយន្តអន្តរជាតិចំនួន ៧ បានស្នើសុំថតខ្សែភាពយន្ត នៅក្នុងប្រទេសនៅចន្លោះខែកញ្ញា ឆ្នាំ ២០២០ ដល់ខែមេសា ឆ្នាំ ២០២១ ។ នាយកដ្ឋានទេសចរណ៍ ដែលទទួលខុសត្រូវក្នុងការផ្តល់អាជ្ញាប័ណ្ណផលិតកម្មភាពយន្តអន្តរជាតិបានប៉ាន់ស្មានថា ការថតនឹងអាចរកចំណូលបានជាង ៥៣ លានដុល្លារ។ ដោយការចំណាយរួមមាន៖ ថ្លៃដើមសម្រាប់ជួលបុគ្គលិកក្នុងតំបន់ (ប្រហែល ១១០០ នាក់) កន្លែងស្នាក់នៅ ការដឹកជញ្ជូន អាហារ ថ្លៃឈ្នួលទីតាំង និងថ្លៃជួលឧបករណ៍ភាពយន្ត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនប្រទេសថៃបានបង្កើតកំណត់ត្រាជាមួយផលិតកម្មភាពយន្តចំនួន ៧៤០ ដែលទទួលបានទឹកប្រាក់ជាង ១៥៣ លានដុល្លារ។ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំនេះមានផលិតកម្មអន្ដរជាតិចំនួន ១០៦ ដែលរកចំណូលបានជាង ១៥ លានុល្លារ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


