មូលហេតុ ៥ យ៉ាងដែលធ្វើឱ្យមាសឡើងដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៩ ឆ្នាំមកនេះ
សេដ្ឋកិច្ច July 23, 2020 Chan Sreyny

តម្លៃមាសឡើងថ្លៃនាពេលបច្ចុប្បន្ន បានរម្លឹកពីការឡើងថ្លៃចុងក្រោយកាលពីឆ្នាំ​២០០៩ ដល់ឆ្នាំ២០១១ នៅពេលដែលតម្លៃឡើងខ្ពស់ពី ១,០០០ ដុល្លារទៅ ១,៩២០ ដុល្លារក្នុងមួយអោន ខណៈធនាគារកណ្ដាលនៅទូទាំងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹង វិបត្តិសេដ្ឋកិច្ចពិភពលោកដោយដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ច។

យ៉ាងណាមិញការកើនឡើងនៃតម្លៃមាសក្នុងពេលបច្ចុប្បន្ននេះចាប់តាំងពីឆ្នាំ២០១៩ កំពុងត្រូវបានជម្រុញដោយកត្តា ៥ យ៉ាង៖

១.សេដ្ឋកិច្ចខ្សោយ៖ ធនាគារកណ្តាលកំពុងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ នេះជាលទ្ធផលនៃការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល និងការកាត់បន្ថយអត្រាការប្រាក់ ដែលបានបណ្តាលឱ្យវិនិយោគិនប្តូរពីមូលបត្របំណុលរបស់រដ្ឋាភិបាលជាមួយនឹងទិន្នផលធ្លាក់ចុះទៅជាមាស។

២.ភាពតានតឹងរវាងប្រទេស៖ ភាពមិនប្រាកដប្រជាបន្ទាប់ពីភាពតានតឹងរវាងអាមេរិកនិងចិនក្នុងឆ្នាំ ២០១៩ និងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់នៅដើមឆ្នាំ ២០២០ បណ្តាលឱ្យវិនិយោគិនស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដែលរក្សាតម្លៃក្នុងកំឡុងពេលទីផ្សារមិនចុះសម្រុង។

៣.ការផ្ទុះឡើងនៃវីរុស Covid-19៖ កត្តាដែលមិននឹកស្មានដល់នេះបានធ្វើឱ្យតម្លៃមាសឡើងដល់ជាង ១៦០០ ដុល្លារក្នុងមួយអោនកាលពីដើមឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរវាបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះមួយកម្រិតទៀត ដែលបង្ខំឱ្យធនាគារកណ្តាលចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលបន្ថែមទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។ ខណៈថ្មីៗនេះធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានបញ្ចូលទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដែលបង្កការភ័យខ្លាចនៃអតិផរណា។

៤.ប្រាក់ដុល្លារធ្លាក់ចុះ៖ នៅពេលប្រាក់ដុល្លារដែលជារូបិយវត្ថុពិភពលោកចុះខ្សោយ តម្លៃនឹងមាសកើនឡើងដើម្បីទូទាត់សងសម្រាប់ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ។ ប្រាក់ដុល្លារកំពុងចុះខ្សោយដោយសារបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកបានកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យមានការព្រួយបារម្ភថាសហរដ្ឋអាមេរិកប្រហែលជាមិនអាចសងបំណុលដែលកំពុងកើនឡើងនោះទេ។

៥.ការកើនឡើងតម្រូវការមាស៖ មូលនិធិវិនិយោគនិងធនាគារកណ្តាលបានសម្រេចចិត្តកាន់កាប់មាសបន្ថែមទៀតជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព។ ខណៈថ្មីៗនេះ SPDR Gold Trust ដែលជាមូលនិធិមាសធំជាងគេបានបង្កើនការកាន់កាប់របស់ខ្លួន ០.៧% ដល់ ១,២១៩.៧៥ តោន។ ទន្ទឹមនឹងនេះដែរធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានទិញមាសជាង ៤០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយបានបង្កើតទុនបំរុងមាសដ៏ធំចំនួន ១២០ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand