ឥណ្ឌូនេស៊ី ធ្លាក់ចុះប្រាក់ចំណូលទេសចរណ៍ស្ទើតែ ១០០% ដោយសារការវាយប្រហាររបស់កូវីដ
ទេសចរណ៍ July 23, 2020 Chan Sreyny

ប្រាក់ចំណូលប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ីពីវិស័យទេសចរណ៍ បានធ្លាក់ចុះ ៩៧% ដែលមានចំនួន ៣១ លានដុល្លារសហរដ្ឋអាមេរិកក្នុងខែឧសភា ដោយសារជំងឺ Covid-19 នេះបើយោងតាម មន្ត្រីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធ កន្លងទៅ។

រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសមុទ្រឥណ្ឌូនេស៊ីលោក Luhut Binsar Pandjaitan បាននិយាយថា សណ្ឋាគារជាង ២,០០០ កន្លែងត្រូវបានបង្ខំឱ្យបញ្ឈប់សកម្មភាព ខណៈដែលជំងឺរាតត្បាតបានធ្វើឱ្យចំនួនអ្នកទេសចរបរទេសធ្លាក់ចុះជាង ៨៧% នៅក្នុងខែឧសភា។ លោកបានបន្ថែមថាកម្មករជាង ១៨០,០០០ នាក់ត្រូវបានរងផលប៉ះពាល់ ដោយជំងឺនេះ។ ទោះជាយ៉ាងណា នៅពេលដែលប្រទេសនេះបានបើកគោលដៅទេសចរណ៍ជាបណ្តើរៗ លោករដ្ឋមន្រ្តីសង្ឃឹមថាចំនួនអ្នកធ្វើដំណើរក្នុងស្រុកនឹងចុះនៅត្រឹម ៧០% ក្នុងត្រីមាសទី៣ ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ីលោក Wishnutama Kusubandio មានសុទិដ្ឋិនិយមថាសកម្មភាពទេសចរណ៍ នឹងវិលមករកភាពធម្មតាវិញនៅពេលវ៉ាក់សាំង Covid-19 បានត្រៀមរួចរាល់។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានចាប់ផ្តើមប្រតិបត្តិការគោលដៅទេសចរណ៍ នៅទូទាំងប្រទេសក្រោមពិធីសារសុខភាព ដែលមានគោលបំណងស្តារវិស័យទេសចរណ៍ឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet