ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាបានដឹកជញ្ជូនអ្នកដំណើរតាមអាកាសចំនួន ១.៩ លាននាក់ ពោលគឺមានការថយចុះ ៦៧.៥% ពីចំនួនអ្នកដំណើរ ៦ លាននាក់កាលពីឆ្នាំមុន។ របាយការណ៍ពី Vinci Airports ដែលជាម្ចាស់ភាគហ៊ុនធំនៃព្រលានយន្តហោះកម្ពុជាដែលគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិចំនួន ៣ នៅកម្ពុជាបានឲ្យដឹងថា ចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ១,១៤៣ លាននាក់ធ្លាក់ចុះ ៦២,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបឃើញថា ចរាចរណ៍អ្នកដំណើរមានចំនួន ៦១៧,៩០៥ ធ្លាក់ចុះ ៧២.៣% និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុមានចំនួន ១៨៨.៥០២ ធ្លាក់ចុះ ៧៥.១%។ បន្ថែមពីនេះរបាយការណ៍ដដែលក៏បានបង្ហាញថា ការដឹកជញ្ជូនតាមផ្លូវអាកាសក៏ធ្លាក់ចុះ ២៩.៥% ផងដែរ។

យោងតាមការថ្លែងប្រាប់របស់នាយកដ្ឋានផ្នែកទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងអាកាសយានដ្ឋានកម្ពុជាទៅកាន់ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា ស្ថានភាពមិនល្អនៃការធ្វើដំណើរតាមផ្លូវអាកាសនៅលើពិភលោកដែលជិតឈានទៅរកការគាំងឆ្កឹង ឆ្លុះបញ្ជាំងឲ្យឃើញថា កម្រិតអ្នកធ្វើដំណើរនិងការដឹកជញ្ជូនទំនិញនៅព្រលានយន្តហោះអន្តរជាតិ ៣ របស់កម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០២០នេះ។

នៅក្នុងទិន្នន័យស្ដីពីការហោះហើរក្នុងឆមាសទី១ និងត្រីមាសទី២ របស់ VINCI Airports ការរឹតត្បិតការធ្វើដំណើរដែលត្រូវបានដាក់ដោយប្រទេសជាច្រើន រាប់បញ្ចូលទាំងការហាមឃាត់ការធ្វើដំណើររបស់ប្រជាជន ការបិទព្រ និងការរក្សាគម្លាតក្នុងសង្គម បណ្ដាលឲ្យប្រតិបត្តិការនៅលើបណ្តាញ VINCI Airports ជិតឈានទៅរកការជាប់គាំងក្នុងត្រីមាសទី ២ ឆ្នាំ២០២០។

យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាការរឹតត្បិតការធ្វើដំណើរពីបរទេសដោយសារជំងឺរាតត្បាត នៅពីក្រោយការលុបបំបាត់ការធ្វើចរាចរណ៍ស្ទើរតែទាំងស្រុងក្នុងអំឡុងត្រីមាសនេះដែលធ្លាក់ចុះដល់ទៅ ៩៧.៧%។ ខណៈកាលពីឆ្នាំអាកាសយានដ្ឋានកម្ពុជាបានដឹកអ្នកដំណើរចំនួន ១១.៦ លាននាក់កើនឡើង ១០.៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន


