EU បានប្រមូលកញ្ចប់​ថវិកាជាង ៩០០ លានដុល្លារ សម្រាប់បណ្ដាប្រទេសជាដៃគូនៅអាស៊ានរួមទាំងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19
សេដ្ឋកិច្ច July 23, 2020 Chan Sreyny

សហភាពអឺរ៉ុបបានប្រមូលកញ្ចប់​ថវិកា “ក្រុមអឺរ៉ុប” ជាង ៨០០លានអឺរ៉ូ (ប្រមាណ ៩១៦ លានដុល្លារអាមេរិក) សម្រាប់តំបន់អាស៊ានដើម្បីគាំទ្រដល់បណ្ដាប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង Covid-19 និងផលប៉ះពាល់របស់វា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ជាមួយគ្នាបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដានេះ បានឲ្យដឹងថា មូលនិធិនេះនឹងគាំទ្រដល់សកម្មភាពនៅថ្នាក់ប្រទេស និងថ្នាក់តំបន់ដើម្បីដោះស្រាយវិបត្តិសុខភាពជាបន្ទាន់ ពង្រឹងប្រព័ន្ធសុខភាព ប្រព័ន្ធទឹក និងអនាម័យ ក៏ដូចជា​ កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ កញ្ចប់នេះរួមបញ្ចូលទាំងការគាំទ្រក្នុងតំបន់ដល់អង្គការសុខភាពពិភពលោក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការវិទ្យាសាស្ត្រ។

ដោយឡែកនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន មូលនិធិនេះនឹងផ្ដោតលើការគាំទ្ររបស់សង្គមស៊ីវិល ការគាំទ្រថវិកាសម្រាប់ការស្តារសេដ្ឋកិច្ច កន្លែងថែទាំសុខភាព និងសមត្ថភាពសាកល្បង ក៏ដូចជាជំនួយមនុស្សធម៌។ យ៉ាងណាមិញសម្រាប់ប្រទេសកម្ពុជាមូលនិធិនេះនឹងគាំទ្រដល់ ប្រព័ន្ធសុខភាព ទឹក​ អនាម័យនិងអាហាររូបត្ថម្ភ។ លើសពីនេះជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ ការគាំពារ ការអប់រំ ក្រុមងាយរងគ្រោះ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា យើងកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកជាមួយនឹងផលវិបាកធ្ងន់ធ្ងរនៅក្នុងសហភាពអឺរ៉ុប និងអាស៊ាន។ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់យើងដោយផ្អែកលើភាពជាដៃគូក្នុងតំបន់ និង តំបន់ យើងបានប្រមូលកញ្ចប់ថវិកា “ ក្រុមអឺរ៉ុប” ចំនួនជាង ៨០០ លានអឺរ៉ូ ដើម្បីជួយអាស៊ាន និងរដ្ឋជាសមាជិករបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គម។

សូមជម្រាបផងដែរថា សហភាពអឺរ៉ុបកំពុងធ្វើការជាមួយអាស៊ានលើកម្រិតតំបន់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការឆ្លើយតបក្នុងតំបន់ចំពោះវិបត្តិសេដ្ឋកិច្ច។ ដោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអឺរ៉ុប – អាស៊ានលើកដំបូងធ្វើឡើងនៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ បានឯកភាពថា តំបន់ទាំងពីរនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិ កូរ៉ូណា និងផលប៉ះពាល់របស់វីរុសនេះផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន