ការិយាល័យពាណិជ្ជកម្មវៀតណាមនៅអូស្រ្តាលី និងក្រុមហ៊ុនអាស៊ាននៅ New South Wales កំពុងសហប្រតិបត្តិការរៀបចំផ្សព្វផ្សាយទុរេនរបស់ពួកគេនៅអូស្រ្តាលី។ ការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីលើកកម្ពស់ការទទួលទានទុរេនវៀតណាមនៅ អូស្ត្រាលី។
យោងតាមលោក Nguyen Phu Hoa ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលីបានឲ្យដឹងថា បន្ទាប់ពីកម្មវិធីលើកកម្ពស់ផ្លែទុរេនទទួលបានជោគជ័យនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ការស្ទង់មតិរបស់ការិយាល័យបានរកឃើញថាមានសក្តានុពលគួរឱ្យកត់សម្គាល់សម្រាប់ការលក់ទុរេននៅក្នុងទីផ្សារអូស្ត្រាលី។ ជាមួយគ្នានេះលោករំពឹងថា ផ្លែឈើនេះនឹងត្រូវគេយកទៅដាក់លក់នៅតាមផ្សារទំនើបជាច្រើនទូទាំងប្រទេសផងដែរ។

ទន្ទឹមនឹងនេះដែរលោក Hoa បានឲ្យដឹងបន្ថែមថា ផ្លែទុរេនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី ដោយមិនចាំបាច់រង់ចាំការចរចារបើកទីផ្សារដូចផ្លែឈើស្រស់ដទៃទៀតទេ។ ក្នុងនោះទុរេនកកកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអតិថិជននៅអូស្ត្រាលី ខណៈអូស្រ្តាលីបាននាំចូលទុរេនពីថៃ និងម៉ាឡេស៊ី។ យ៉ាងណាមិញលោកក៏បានជំរុញឱ្យអាជីវកម្មរបស់វៀតណាមចាប់ផ្តើមយុទ្ធនាការនិងលើកកម្ពស់គុណភាពផលិតផលដើម្បីពង្រីកនៅក្នុងទីផ្សារអូស្ត្រាលី។

គួរបញ្ជាក់ផងដែរថា ផ្ទៃដីដាំទុរេនបានពង្រីកយ៉ាងលឿនក្នុងរយៈពេល ១០ឆ្នាំនេះ ពី ១៧,៥០០ ហិកតាជាមួយនឹងទិន្នផល ៩៣,០០០ តោនក្នុងឆ្នាំ២០០៨ ដល់ ៤៧,៣០០ ហិកតាដែលមាន ៤៧៨,៦០០ តោននៅឆ្នាំ ២០១៨។ ស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏បានបង្ហាញផងដែរថា ការនាំចេញផ្លែទុរេនរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៨ លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៨៧.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដែលបង្កការលំបាកក្នុងការនាំចេញទៅចិន៕

អត្ថបទ៖ លីនី
ប្រភព៖ thestar


