ក្នុងរយៈពេល ៣ ខែដំបូងនៃការរាតត្បាតដោយវីរុស Covid-19 បានបង្ហាញឲ្យឃើញថា ប្រជាជនចំនួន ៦ លាននាក់បានចុះឈ្មោះដើម្បីទទួលស្បៀងអាហារ ខណៈពេលដែលទ្រព្យសម្បត្តិមហាសេដ្ឋីរបស់អាមេរិកបានកើនឡើងជិត ២០% នេះបើយោងតាមរបាយការណ៍ជាច្រើន។ យោងតាមរបាយការណ៍វិភាគរបស់កាសែត New York Times បានឲ្យដឹងថា តម្រូវការនៃកម្មវិធី food stamps ដែលជាកម្មវិធីផ្ដល់អាហារូបត្ថម្ភបន្ថែម ដោយឧបត្ថម្ភជាថវិកាបានកើនឡើងប្រហែល ១៧% នៅចន្លោះខែកុម្ភៈនិងឧសភា។
ស្របពេលជាមួយគ្នានេះដែររនៅដើមខែមិថុនាដែលជារយៈពេលដូចគ្នានៃកម្មវិធី food stamps ឃើញថាតម្រូវរបស់ប្រជាជនពីកម្មវិធីនេះកាន់តែមានសន្ទុះលឿនបំផុតមិនធ្លាប់មាន នេះបើយោងតាមកាសែត The Times ខណៈការវិភាគដោយវិទ្យាស្ថាសិក្សាគោលនយោបាយបានរកឃើញថា ទ្រព្យសម្បត្តិរបស់អ្នកមានបំផុតរបស់សហដ្ឋអាមេរិកបានកើនឡើងប្រមាណ ៥៦៥ លានដុល្លារអាមេរិក។

បើតាមការវិភាគដដែលតម្រូវការកម្មវិធីនេះ អាចនឹងកើនឡើងថែមទៀត ដោយរដ្ឋចំនួន ៣០ ក្នុងចំណោមរដ្ឋចំនួន ៤២ ដែលត្រូវបានវិភាគដោយកាសែត The Times ទទួលបានកំណើនទ្វេដងនៃតម្រូវការសម្រាប់ផលប្រយោជន៍នេះ។ យ៉ាងណាមិញបើធ្វើការប្រៀបធៀប ការរាតត្បាតនៃវីរុសនេះទៅលើប្រជាពលរដ្ឋធម្មតាទៅនឹងមហាសេដ្ឋីមានភាពខុសគ្នាខ្លាំង។

ជាក់ស្ដែងក្នុងកំឡុងពេលនៃភាពមិនប្រាកដប្រជារបស់ជនជាតិអាមេរិករាប់លាននាក់ ការវិភាគរបស់វិទ្យាស្ថានសិក្សាគោលនយោបាយបានរកឃើញថា ទ្រព្យសម្បត្តិអ្នកមានបំផុតបានកើនឡើងជិត ២០% ។ យោងតាមអ្នកតាមដានសន្ទស្សន៍ទ្រព្យសម្បត្តិបានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk និងលោក Eric Yuan នាយកប្រតិបត្តិ Zoom បានកើនឡើងជាង ២ ពាន់លានដុល្លារចាប់តាំងពីខែមីនា។

ហើយនៅចន្លោះខែមករា និងមេសាទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានកើនឡើង ២៥ ពាន់លានដុល្លារ។ យោងតាមកាសែត The Guardian បានឲ្យដឹងថា គិតត្រឹមខែកក្កដាតួលេខនេះមាន ចំនួន ៧៥ ពាន់លានដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីមហាសេដ្ឋីមួយចំនួននៅលើពិភពលោកបានធ្វើការបរិច្ចាគប្រាក់រាប់លានដុល្លារ ដើម្បីកាត់បន្ថយវិបត្ដិនៃវីរុសនេះ។ ដោយមូលនិធិ Bill និង Melinda Gates បានសបរិច្ចាគ ១០០ លានដុល្លារ ដើម្បីស្រាវជ្រាវវ៉ាក់សាំង ហើយ Mark Zuckerberg បានបរិច្ចាគ ២៥ លានដុល្លារដល់គំនិតផ្តួចផ្តើមរបស់ពួកគេ៕
អត្ថបទ៖ លីនី
ប្រភព៖ businessinsider


