ការនាំចេញអង្កររបស់ប្រទេសថៃ ទំនងជាធ្លាក់ចុះមកនៅត្រឹម ៦.៥ លានតោនក្នុងឆ្នាំនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្ស បន្ទាប់ពីការព្យាករណ៍ ៧.៥ លានតោនដោយសារកត្តាអវិជ្ជមានមួយចំនួន នេះបើយោងតាមការអធិប្បាយរបស់សមាគមនាំចេញអង្កររបស់ប្រទេសថៃ។
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគម មានប្រសាសន៍ថា៖ « ការនាំចេញអង្កររបស់ថៃត្រូវបានរារាំងដោយកត្តាអវិជ្ជមានមួយចំនួនដូចជា៖ វិបត្តិនៃជំងឺឆ្លង ដែលធ្វើឱ្យតម្រូវការពិភពលោកធ្លាក់ចុះ ការឡើងថ្លៃនៃប្រាក់បាត បានធ្វើឱ្យអង្ករកាន់តែឡើងថ្លៃ និងការវាយប្រហារពីគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យកាត់បន្ថយសង្វាក់ផលិតកម្ម »។

មួយវិញទៀតមូលហេតុដែលនាំឱ្យការនាំចេញធ្លាក់ចុះ បណ្ដាលមកពី តម្លៃអង្ករក្នុងពេលបច្ចុប្បន្នរបស់ថៃមានតម្លៃ ៥២០ ដុល្លារក្នុងមួយតោន ខណៈអង្ករពីប្រទេសវៀតណាមតម្លៃត្រឹមតែ ៤៤០-៤៥០ ដុល្លារ និងឥណ្ឌាមានតម្លៃ ៣៦០ ដុល្លារក្នុងមួយតោន។ ដូច្នេះហើយ ខណៈតម្លៃកាន់តែថ្លៃឡើងៗ របស់ថៃបានធ្វើឲ្យអ្នកទិញជ្រើសរើសយកធញ្ញជាតិពីដៃគូប្រកួតប្រជែង នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក Chookiat ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៥ ខែដំបូង ប្រទេសថៃបាននាំចេញអង្ករចំនួន ២.៥៧ លានតោន ពោលគឺធ្លាក់ចុះ ៣១.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចំនួន ៥ ដែលនាំចូលអង្ករពីថៃច្រើនជាងគេសម្រាប់រយៈពេលនេះមានដូចជា៖ សហរដ្ឋអាមេរិក (៣៣៨.៧៦៩ តោនកើនឡើង ៤១.២% បើធៀបនឹងឆ្នាំមុន) អាហ្វ្រិកខាងត្បូង (២៣១.៤១២ ធ្លាក់ចុះ ១២.៦%) អង់ហ្គោឡា (១៩៥.៤៣៨ ធ្លាក់ចុះ ១.៥%) ចិន (១២០.២០៧ ធ្លាក់ចុះ ៤១.៦%) និងជប៉ុន (១១៦,៣៣៨ កើនឡើង ៧.៩%)៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


