អូស្ត្រាលី នឹងបន្ថែមវិធានការណ៍ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីការពារទីផ្សារការងារពីភាពរង្គោះរង្គើនៃវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត Covid-19 នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ២១ ខែកក្កដា នេះ។
លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា វិធានការនេះគឺសម្រាប់អ្នកគ្មានការងារធ្វើ និងអាជីវកម្មដែលកំពុងព្យាយាមរក្សាបុគ្គលិក ដោយវិធានការណ៍នេះនឹងបន្តរហូតដល់ចុងឆ្នាំ ឫទំនងជាលើសពីនេះទៅទៀត។ អូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៣០ ឆ្នាំ ហើយកំពុងដោះស្រាយភាពអត់ការងារធ្វើទ្វេដង ដោយរដ្ឋាភិបាលនឹងបង្កើនការចំណាយលើកម្មវិធីគាំទ្រប្រាក់ចំណូលចំនួនពីរ ដែលចំណាយទឹកប្រាក់ប្រមាណ ៨៦ ពាន់លានដុល្លារអូស្ត្រាលី (៦០ ពាន់លានដុល្លារអាមេរិក)។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានផ្តល់ថវិកាប្រហែល ៣០ ពាន់លានដុល្លារដល់ក្រុមហ៊ុនជិត ១ លានក្រុមហ៊ុន ដែលបានរកឃើញថាចំណូលរបស់ពួកគេបានធ្លាក់ចុះ។ យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រាក់ទាំងនេះបានអនុញ្ញាតឱ្យបុគ្គលិកប្រហែល ៣.៥ លាននាក់ដើម្បីរក្សាទុកពួកគេ។ នៅចន្លោះខែកុម្ភៈ និងឧសភា ប្រជាជនអូស្ត្រាលីចំនួន ២ លាននាក់បានបាត់បង់ការងាររបស់ពួកគេ និងបុគ្គលិកមួយចំនួនទៀតត្រូវបានកាត់បន្ថយម៉ោងធ្វើការ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនៅទីក្រុង Melbourne ដែលបានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរ។

លើសពីនេះទៅទៀត ហេរញ្ញិកលោក Josh Frydenberg បានពិពណ៌នាកញ្ចប់ជំនួយនេះថា ជាវិធានការណ៍សេដ្ឋកិច្ចដ៏ធំបំផុតមួយ ដែលរដ្ឋាភិបាលអូស្រ្តាលីបានដាក់ចេញ ហើយបាននិយាយថាការប៉ះពាល់ដល់សេដ្ឋកិច្ចនេះគឺធំបំផុត ក្នុងរយៈពេលយ៉ាងតិច ១០០ ឆ្នាំកន្លងមកនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


